ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍មួយបានបង្ហាញថា ប្រទេសវៀតណាមមានគម្រោងអភិវឌ្ឍន៍ទីក្រុងខ្នាតយក្សចំនួន ២៧ ដែលមានទំហំដើមទុនវិនិយោគសរុបលើសពី១១៥ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។
ទីភ្នាក់ងារវាយតម្លៃឥណទាន S&I Ratings ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានឱ្យដឹងថា គម្រោងនីមួយៗគ្របដណ្តប់លើផ្ទៃដីរាប់រយទៅរាប់ពាន់ហិកតា រួមមានគម្រោងអភិវឌ្ឍដែលទើបនឹងដាក់ឱ្យដំណើរការថ្មី កំពុងសាងសង់ ឬទើបតែត្រូវបានអនុម័តទូទាំងប្រទេស។
របាយការណ៍ខាងលើបានបន្តថា ចំនួនជាង៥០ភាគរយនៃការវិនិយោគសរុបត្រូវបានដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ រួមមាន ក្រុមហ៊ុន Vingroup និង ក្រុមហ៊ុន Sun Group ដែលឆ្លុះបញ្ចាំងពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងដើម្បីអភិវឌ្ឍគម្រោងទីក្រុងធំៗ។

តំបន់ភាគខាងជើងប្រទេសវៀតណាមមានគម្រោងអចលនទ្រព្យធំៗចំនួន៩ ដែលភាគច្រើនស្ថិតនៅក្នុង និងជុំវិញទីក្រុងហាណូយ ក៏ដូចជាខេត្ត Hung Yen និងខេត្ត Quang Ninh។
តំបន់ភាគកណ្តាលវៀតណាមមានគម្រោងចំនួន៨ ដែលក្នុងនោះគម្រោងធំជាងគេ មានឈ្មោះថា Cam Lam ក្នុងខេត្ត Khanh Hoa ដែលត្រូវបានអភិវឌ្ឍដោយសម្ព័ន្ធក្រុមហ៊ុន Vinhomes។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ១០.០០០ ហិកតា និងមានទុនវិនិយោគជិត១១ពាន់លានដុល្លារ។
តំបន់ភាគខាងត្បូងវៀតណាមមានគម្រោងធំៗចំនួន១០ ដែលក្នុងនោះចំនួន៥០ភាគរយនៃគម្រោងទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស្នើសុំការអនុម័តទុនវិនិយោគ៕ប្រភព: Vnexpress៕








