ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសូង ស្ថាប័នចំនួន១៩ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួងស្ដីពី ការរៀបចំ “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត (foresight) នៅកម្ពុជា ឆ្នាំ២០៣០”។
ក្នុងស្មារតីបុរេសកម្មដើម្បីបុព្វហេតុ នៃការអភិវឌ្ឍជាតិរយៈពេលវែង នាព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័នចំនួន១៩ ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាង “ក្របខ័ណ្ឌទស្សនាទាន និង ផែនទីបង្ហាញផ្លូវនៃការប្រមើលអនាគត នៅកម្ពុជាឆ្នាំ២០៣០”។
កិច្ចប្រជុំបានផ្ដោតការពិភាក្សា លើភាពចាំបាច់បន្ទាន់នៃឧបករណ៍ប្រមើលអនាគត (Foresight) ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវចល័តភាព ភាពមិនប្រាកដប្រជា មិស្សភាពនិងភាពមន្ទិល (Volatility, Uncertainty, Complexity and Ambiguity—VUCA) ។
ក្នុងបរិការណ៍នេះ ការគិតគូរ និងរៀបចំគោនយោបាយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ឬព្រឹត្តិការណ៍ ដែលមិននឹកស្មានដល់ (Wild Cards) ការប្រមើលអនាគតដែលជា “ការគិតគូរជាប្រព័ន្ធ” មានតួនាទីដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យក្លាយជាប្រព័ន្ធរ៉ាដា ដែលអាចស្កេនរកសញ្ញាផ្លាស់ប្តូរសកល និង ត្រៀមខ្លួនគ្រប់គ្រងកត្តាចៃដន្យនានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ការរៀបចំក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវខាងលើ មានគោលដៅ ដើម្បីដាក់ចេញនូវផែនការជាជំហាន ក្នុងការកសាងមូលដ្ឋានគ្រឹះ ដើម្បីត្រៀមខ្លួនចាប់យកការប្រើប្រាស់ ក្របខ័ណ្ឌការប្រមើលអនាគតឱ្យបានពេញលេញ ចាប់ពីឆ្នាំ២០៣០ តទៅតាមរយៈទី១). ការបញ្ជ្រាបទស្សនាទានការប្រមើលអនាគត ទៅដល់ក្រសួង-ស្ថាប័ន ដើម្បីត្រៀមខ្លួនក្នុងការចាប់យក ការប្រើប្រាស់ក្របខ័ណ្ឌគិតគូរពីចម្ងាយ ទី២) ការពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នអំពីក្របខ័ណ្ឌការប្រមើលអនាគត ទៅក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល និងទី៣). ការគិតគូររៀបចំក្របខ័ណ្ឌស្ថាប័ន ដើម្បីដឹកនាំ និងសម្របសម្រួលការងារប្រមើលអនាគត កម្រិតរាជរដ្ឋាភិបាល ឱ្យមានស្តង់ដារ និងប្រសិទ្ធភាពខ្ពស់ ស្របតាមឧត្តមានុវត្តន៍ក្នុងតំបន់។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំសេចក្តីព្រាង ក្របខ័ណ្ឌទស្សនាទាន និងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកនូវមតិយោបល់ ក៏ដូចជាគំនិតផ្ដួចផ្ដើមផ្សេងៗ សំដៅជំរុញឱ្យការរៀបចំ ឯកសារបង្គោលចរយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ស៊ីជម្រៅ៕







