ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិចំនួន២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទិញលំនៅឋាន ខណៈសេតវិមានកំពុងចាត់វិធានការដោះស្រាយកង្វល់មួយនេះរបស់អ្នកបោះឆ្នោត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។
ក្នុងនោះ បទបញ្ជាមួយ មានបំណងលុបបំបាត់បន្ទុកបទប្បញ្ញត្តិមិនចាំបាច់ ដែលពន្យារពេលការសាងសង់លំនៅឋាន និងបង្កើនថ្លៃដើមលំនៅឋាន និងបទបញ្ជាមួយទៀតស្តីពីការបន្ធូរបន្ថយបទប្បញ្ញត្តិទាក់ទងនឹងអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងប្រាក់កម្ចីទិញផ្ទះ។
លទ្ធភាពទិញផ្ទះបានក្លាយជាបញ្ហានយោបាយដ៏មានឥទ្ធិពលកាន់តែខ្លាំងឡើង ខណៈផ្ទះនៅសហរដ្ឋអាមេរិកមានតម្លៃខ្ពស់កប់ពពក ហើយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ ដែលធ្វើឱ្យអ្នកទិញផ្ទះលើកដំបូងជាច្រើនមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ។

សេតវិមានបានព្យាយាមបញ្ជាក់ថា បញ្ហានេះជាផ្នែកមួយនៃរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួន មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ស្របពេលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ព្យាយាមរក្សាឱ្យបានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ។
សេតវិមានបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះមានបំណងកាត់បន្ថយថ្លៃដើមនៃការខ្ចីប្រាក់ និងបង្កភាពងាយស្រួលកាន់តែខ្លាំងសម្រាប់ជនជាតិអាមេរិក ក្នុងការទិញផ្ទះ។
កាលពីដើមឆ្នាំនេះ រដ្ឋបាលលោក ត្រាំ បានជំរុញឱ្យក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក រួមមានក្រុមហ៊ុន Fannie Mae និងក្រុមហ៊ុន Freddie Mac ពង្រីកការទិញមូលបត្រ Mortgage-backed Securities ដើម្បីកាត់បន្ថយថ្លៃដើមនៃការខ្ចីប្រាក់ និងកំពុងពិនិត្យមើលវិធីទប់ស្កាត់ការទិញផ្ទះទោលដោយបណ្តាវិនិយោគិន ឬស្ថាប័នធំៗ៕ប្រភព: Reuters៕








