ការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅម៉ាឡេសុីរំពឹងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

0

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍបានព្រមានថា គម្រោងអចលនទ្រព្យមួយចំនួននៅប្រទេសម៉ាឡេស៊ីអាចនឹងត្រូវបានពន្យារពេល ដោយសារការកើនឡើងនៃថ្លៃដើមសំណង់ បណ្តាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។

ការអូសបន្លាយនៃជម្លោះ​​នឹង​ជំរុញ​ឱ្យតម្លៃ​ថាមពល តម្លៃ​សម្ភារៈ​សំណង់ និង​ការចំណាយ​លើ​ការដឹកជញ្ជូនបន្ត​កើនឡើង ដែល​​នឹង​ជះផលប៉ះពាល់​ដល់​ពេលវេលា​នៃ​ការអភិវឌ្ឍគម្រោងអចលនទ្រព្យ និង​ប្រាក់ចំណេញ​របស់​អ្នកអភិវឌ្ឍ។

លោក Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍអចលនទ្រព្យ និងលំនៅឋាន (Rehda) បានអះអាងថា ទោះបីជាម៉ាឡេស៊ីស្ថិតនៅឆ្ងាយពីតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ផលប៉ះពាល់នៅតែអាចកើតមាន តាមរយៈការកើនឡើងនៃតម្លៃថាមពល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការកត់សម្គាល់នេះបានកើតឡើង ស្របពេលតម្លៃប្រេងឆៅបានហក់ឡើងលើស១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៣។

អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយរំខានដល់ការដឹកជញ្ជូនអ្វីៗគ្រប់យ៉ាង រាប់ចាប់តាំងពីប្រេងរហូតដល់ជី ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

បណ្តាអ្នកអភិវឌ្ឍបានបង្ហាញការព្រួយបារម្ភជាពិសេសចំពោះតម្លៃសម្ភារៈសំណង់ ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលអាចបន្តកើនឡើង ប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់សកលបន្តទទួលរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here