ខេត្តកំពតត្រៀមរៀបចំដំណើរការ”វិថីអាហារ” នៅក្នុងោកាសប្រារពពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ

0

ដោយៈ ចំណាន

    កំពតៈ អភិបាលនៃគណអភិបាលខេត្តកំពត លោកម៉ៅ ធនិន បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារបើកដំណើរការ “វិថីអាហារ” ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍ យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរ ដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទង នឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហា​រដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀប​រយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តកំពត សូមគោរពអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជា “ក្រុងបេតិកភណ្ឌរស់រវើក ជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ” និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here