ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទោះពេលមេឃងងឹតក្តី ក៏នៅតែមានពន្លឺលេចឡើងខ្លះផងដែរ ប្រៀបដូចវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦នេះ ដែលផ្នែកមួយចំនួននៅតែមានតម្រូវការ។
អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia អ្នកនាងអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី២៥ មិនាថា ទីផ្សារអចលនទ្រព្យ មានផ្នែកមួយចំនួនបន្តធ្លាក់ចុះ និងផ្នែកមួយចំនួនទៀតមានការកើនឡើង ដោយមានសកម្មភាពទិញ លក់ជាបន្តបន្ទាប់ផងដែរ។
អ្នកនាងបន្តថា “ទីផ្សារដីសម្រាប់ប្រើប្រាស់ និងលំនៅដ្ឋានសម្រាប់ប្រើប្រាស់នៅមានជាធម្មតា និងទីផ្សារជួលសម្រាប់ធ្វើសកម្មភាពពាណិជ្ជកម្មមានដំណើរការល្អ”។ អ្នកនាងបន្ថែមថា “ទោះជាយ៉ាងណាការជួលលំនៅដ្ឋានសម្រាប់ស្នាក់នៅ និងការលក់គំរោងដែលស្ថិតនៅកំពុងសាងសង់ហាក់មានបញ្ហាប្រឈមផងដែរ”។

ការសិក្សាបានបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជា អាចមានកំណើនចន្លោះពី២ ទៅ៥ភាគរយនៅឆ្នាំ២០២៦នេះ អាស្រ័យលើប្រភេទអចលនទ្រព្យ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd បានមានប្រសាសន៍ឥ្យដឹងផងដែរថា មនុស្សជាច្រើនបានគិតថា ទីផ្សារកំពុងជាប់គាំង ប៉ុន្តែសម្រាប់លោកស្រីផ្ទាល់នៅតែអាចលក់បានបណ្តើរៗនៅក្នុងទីផ្សារ។
លោកស្រីបន្តថា “អ្នកវិនិយោគឆ្លាតវៃ ពួកគាត់នៅតែបន្តទិញ អចលនទ្រព្យ ដែលមានតម្លៃល្អនៅលើទីផ្សារ ពិសេសតម្លៃក្រោមទីផ្សារ ដែលមានឱកាសចំណេញ អ្នកមានប្រាក់នៅតែសម្ងំទិញស្ងាត់ៗនៅឡើយ”៕







