ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងអ្នកជំនាញការជប៉ុនបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវភស្តុភារកម្មកម្ពុជា (PMU/SF-CLIP)។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលទ្ធផលនៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវភស្តុភារកម្មកម្ពុជា (PMU/SF-CLIP) ក្រោមជំនួយបច្ចេកទេសរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)។

កិច្ចប្រជុំនេះក៏មាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង អ្នកជំនាញJICA តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង និងបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពការងារ នៃការអនុវត្តរបស់ក្រុមការងារនីមួយៗ លើផែនការសកម្មភាពនៅក្នុងគម្រោង ការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ការប្រមូលធាតុចូលបន្ថែម ពង្រឹងការរៀបចំផែនការ ប្រមូល និងវិភាគទិន្នន័យ ដោយផ្អែកលើភស្តុតាងសម្រាប់លើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូន ការពង្រឹងការធ្វើរបាយការណ៍ប្រចាំឆ្នាំ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

ការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក ជាមួយប្រទេសជិតខាង សំដៅការលើកកម្ពស់ ប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងអ្នកជំនាញការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ និងការធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ និងការរៀបចំផែនការសកម្មភាពបន្តរបស់គម្រោង ដែលបានផ្តល់ធាតុចូលសំខាន់ៗជាច្រើន ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យ ស្របតាមផែនការដែលគ្រោងទុក៕







