តើលោក អ្នកស្គាល់ពីផ្លួវក្រវ៉ាត់ក្រុងទាំងបួនឬនៅ? មានប្រវែងប៉ុន្មាន និងនៅទីតាំងណាខ្លះ?

0

ដោយៈ ចំណាន

    ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុង បាននិងកំពុងដើរតួនាទីសំខាន់លើការលើកកម្ពស់ការអភិវឌ្ឈ សម្រួលចរា​ចរណ៍ និងជម្រុញការពង្រីករាជធានីកាន់តែលឿន។

តោះមកស្គាល់ផ្លូវក្រវ៉ាត់ក្រុងឬាំង៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

. ផ្លូវ​ក្រវ៉ាត់ក្រុងទី១

ផ្លូវ​ក្រវ៉ាត់​ដំបូង​គេ​បង្អស់​នៅ​រាជធានី​ភ្នំពេញនេះ ត្រូវ​បាន​សាងសង់​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម នៅក្នុង​ទីតាំង​ខណ្ឌ​ចំនួន​៤ មាន​ខណ្ឌ​ដូនពេញ ខណ្ឌ៧មករា ខណ្ឌ​ចំការមន និងខណ្ឌទួលគោក។ ផ្លូវនេះត​ភ្ជាប់​ពី​គីឡូម៉ែត្រ​លេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់​ផ្លូវសុផារ៉ា និង​ផ្លូវ៥៩៨ ត្រលោកបែក ទៅផ្លូវ២៧១ រហូត​ដល់​គល់​ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១ ។

ផ្លូវនេះមានឈ្មោះមួយទៀតគឺផ្លូវខេមរភូមិន្ទ ឬផ្លូវ២៧១ ដែលបច្ចុប្បន្នផ្លូវនេះ បានក្លាយជាតំបន់អភិវឌ្ឍន៍បែបCBDរួចទៅហើយ។

. ផ្លូវក្រវ៉ាត់ក្រុងទី២

ផ្លូវនេះបានសាងសង់​កាល​ពី​ឆ្នាំ២០១៦ និងបានដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១៩ ដោយ​មាន២កំណាត់ ប្រវែង​សរុប​ជាង២៧គីឡូម៉ែត្រ។ ​កំណាត់ទី១ មាន​ប្រវែង១០គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ទំនប់​កប់ស្រូវ (ឬផ្លូវ120K) ឆ្ពោះ​ទៅកាន់​មហាវិថី​សហព័ន្ធរុស្សី។

កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅ​ផ្លូវលេខ ១០១៩ កាត់​តាមផ្លូវ​ North Bridge ផ្លូវ​ទ្រុងមាន់ ​ផ្លូវមុខ​រោងចក្រអគ្គិសនី ផ្លូវមុខ​សហគមន៍​អន្លង់គង ផ្លូវ​ទំនប់៧មករា ផ្លូវ៦០ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង ភ្ជាប់​ស្ពាន​ព្រែកសំរោងតាខ្មៅ។

. ផ្លូវក្រវ៉ាត់ក្រុងទី៣

ជាខ្សែផ្លូវថ្មី ដែលត្រូវបានប្រសិទ្ធិនាមថា ជាមហាវិថីស៊ី ជីនពីងដែល​តភ្ជាប់​ផ្លូវជាតិ​សំខាន់ៗ​របស់​ប្រទេសកម្ពុជា ដោយ​ចាប់​ពី​ស្ពានព្រែកព្នៅ នៅ​ផ្លូវ​ជាតិ​លេខ​៥ ឆ្លង​មក​ផ្លូវជាតិលេខ៤ ភ្ជាប់​​មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ​២១ និង​ផ្លូវជាតិលេខ១ ភ្ជាប់​មក​កំពង់ផែ​ភ្នំពេញថ្មី។ ​

ផ្លូវនេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ២៥ម៉ែត្រ។

ទោះជាយ៉ាងណារហួតមកទល់ពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ ឬមហាវិថីស៊ី ជីនពីងនេះ បានអភិវឌ្ឍន៍ពាក់កណ្តាលប៉ុណ្ណោះ។ ចំណែ​កពាក់កណ្តាលទៀតបានសិក្សាចប់ តែត្រូវបានពន្យាពេលសាងសង់ ដោយសារកង្វះមូលនិធិ។

. ផ្លូវក្រវាត់ក្រុងទី៤

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ត្រូវបានសិក្សាចប់រួចរាល់ហើយ។ ផ្លូវក្រវាត់ក្រុងទី៤មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here