ទីផ្សារលំនៅឋានរបស់សហរដ្ឋអាមេរិកកំពុងក្លាយជាទីផ្សាររបស់អ្នកទិញ ខណៈចំនួនអ្នកលក់មានចំនួនច្រើនជាងអ្នកទិញ

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់សហរដ្ឋអាមេរិកកំពុងក្លាយជាទីផ្សាររបស់អ្នកទិញ (Buyer’s market)។ យោងតាមក្រុមហ៊ុន Redfin​​​​ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ចំនួនអ្នកលក់ផ្ទះមានចំនួនច្រើនជាងអ្នកទិញក្នុងរង្វង់៤៦ភាគរយ។

កាលពីមួយឆ្នាំមុន ចំនួនអ្នកលក់មានចំនួនច្រើនជាងអ្នកទិញ ក្នុងរង្វង់២៩,៨ភាគរយ។ ក្រុមហ៊ុន Redfin អះអាងថា នៅពេលចំនួនអ្នកលក់មានចំនួនច្រើនជាងអ្នកទិញលើសពី១០ភាគរយ នោះវាក្លាយជាទីផ្សាររបស់អ្នកទិញ ហើយសហរដ្ឋអាមេរិកបានស្ថិតក្នុងស្ថានភាពបែបនេះចាប់តាំងពីខែឧសភា ឆ្នាំ២០២៤។

ដោយសារចំនួនអ្នកលក់ច្រើន និងអ្នកទិញមានចំនួនតិចជាងមុន អ្នកទិញមានអំណាចចរចាកាន់តែខ្លាំង។ ការផ្គត់ផ្គង់លំនៅឋានបានកើនឡើង ហើយផ្ទះថ្មីកំពុងត្រូវបានសាងសង់បន្ថែម ដែលផ្តល់ឱ្យអ្នកទិញនូវជម្រើសកាន់តែច្រើន និងកាត់បន្ថយសង្គ្រាមដេញថ្លៃ។

ទោះជាយ៉ាងណា ចំនួនអ្នកទិញផ្ទះនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ២,៤ភាគរយក្នុងខែកុម្ភៈ មកនៅត្រឹមប្រហែល១,៣៦លាននាក់ ខណៈដែលចំនួនអ្នកលក់បានធ្លាក់ចុះត្រឹមតែ០,៤ភាគរយមកនៅត្រឹមប្រហែល១,៩៩លាននាក់។

អត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ តម្លៃផ្ទះថ្លៃកប់ពពក ការបញ្ឈប់ពីការងារ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កំពុងធ្វើឱ្យអ្នកទិញជាច្រើនប្រកាន់ជំហររង់ចាំមើលស្ថានការណ៍ ដែលក៏នាំឱ្យម្ចាស់ផ្ទះមួយចំនួនពន្យារពេលលក់ផ្ទះរបស់ពួកគេផងដែរ៕ប្រភព: The World Property Journal៕

LEAVE A REPLY

Please enter your comment!
Please enter your name here