ដោយៈ ចំណាន
ប្រទេសចិនៈ កាលពីចុងសប្តាហ៍មុន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណ:ប្រតិភូក្រសួង ជួបពិភាក្សាការងារជាមួយអង្គការ ចំណាត់ថ្នាក់នាវា Asia Shipping Certification Services អំពីលទ្ធភាពនៃការបើកដំណើរការឡើងវិញ នៃការចុះបញ្ជីនាវាសញ្ជាតិខ្មែរ។
កិច្ចពិភាក្សានេះផ្តោតជាសំខាន់ លើក្របខណ្ឌបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ បទដ្ឋានបច្ចេកទេសដោយអនុលោម តាមអនុសញ្ញាអន្តរជាតិ កាតព្វកិច្ចដែលរដ្ឋម្ចាស់សញ្ជាតិត្រូវបំពេញ និងប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីនាវាតាមអនឡាញ។

បន្ទាប់ពីកិច្ចពិភាក្សា គណ:ប្រតិភូក្រសួង ក៏បានចុះទស្សនាចំណតនាវាកុងតឺន័រYangshanជំហានទី៤ ដែលបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ និងមានសមត្ថភាពទទួលបានកុងតឺន័រចំនួន៨លាន TEUក្នុងមួយឆ្នាំ។
ដំណើរទស្សនកិច្ច សិក្សានៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន នេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕







