រដ្ឋាភិបាលកម្ពុជាបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម

0

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ក្នុងសន្និសីទស្តីពី “ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម”។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោក Tassilo Bronzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានអញ្ជើញជាសហធិបតី ក្នុងសន្និសីទស្តីពី “ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិស័យភស្តុភារកម្ម” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. EuroCham និងគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម។

សន្និសីទនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡា​ញពីសំណាក់សមភាគីក្នុងតំបន់ រួមមាន EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្ម ព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរ។

សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន តាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ទី២. រំលេចនូវភាពជោគជ័យ នៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។

ទី៣ បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅ ក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ទី៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជា “មជ្ឈមណ្ឌលភស្តុភារកម្ម និងពាណិ​ជ្ជកម្ម” ប្រកបដោយសក្តានុពលក្នុងតំបន់។

លើសពីគោលបំណង ដូចដែលបានរៀបរាប់ខាងលើ សន្នីសីទក៏បានដាក់ចេញនូវទិសដៅ មួយចំនួនទៀតសម្រាប់កម្ពុជា សំដៅធ្វើឱ្យក្លាយទៅជាទីផ្សារ ដែលមានទស្សនវិស័យវែងឆ្ងាយ និងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ព្រមទាំងធ្វើទំនើបកម្មក្របខណ្ឌភស្តុភារកម្ម របស់ខ្លួនផងដែរ។

ការដាក់ចេញនូវទិសដៅទាំងនោះ ធ្វើឡើងក្នុងគោលបំណង៖ (១)ផ្តល់ព័ត៌មានបច្ចុប្បន្នភាព អំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជំរុញដោយកំណើននៃការនាំចេញ (២) បង្ហាញពីកំណែទម្រង់ក្នុងវិស័យភស្តុភារកម្មបែបបញ្ជូនរហ័ស (Express Logistics) និងកិច្ចសម្រួលផ្នែកគយ (៣)បង្ហាញពីឥទ្ធិពល នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន និង(៤) លើកទឹកចិត្តឱ្យមានការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឆ្លងដែន ជាមួយភាគីពាក់ព័ន្ធក្នុងតំបន់។

ជាលទ្ធផលរំពឹងទុក តាមរយៈសន្និសីទនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើនភាពលេចធ្លោ ក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិ​វឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here