ដោយៈ ចំណាន
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានរបាយការណ៍សិក្សា “ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ដែលទទួលបានជំនួយគាំទ្រពីធនាគារពិភពលោក (World Bank) របាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣, របាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ភស្តុភារកម្ម និងរបាយការណ៍វឌ្ឍនភាពនៃ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងបើកកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់របស់ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ក្នុងការទាក់ទាញវិនិយោគិន មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ពាន់លានដុល្លារអាមេរិក សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ជំនាញ និងកិច្ចពិភាក្សារបស់អង្គប្រជុំទាំងមូល លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវការអនុសាសន៍ណែនាំបន្ថែមមួយចំនួនលើការរៀបចំ ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) សំដៅធានាឱ្យបានថាប្រព័ន្ធនេះមានសូចនាករ (Key Indicators) សំខាន់ៗ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូឯកជនអាចទទួលបាននូវព័ត៌មាន គ្រប់ជ្រុងជ្រោយអំពីវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកស៊ុន ចាន់ដថុល បានបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់អំពីសារៈសំខាន់ ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូល ឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្ន៕







