ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិនជាមធ្យមស្ថិតនៅទីតាំងចំកណ្តាលទីក្រុងហូជីមិញនៃប្រទេសវៀតណាមបានហក់ឡើង១១,៨ភាគរយធៀបនឹងឆ្នាំមុនក្នុងត្រីមាសទីមួយ ដោយឈានដល់កម្រិតកំណត់ត្រា១០៧លានដុង (៤.០៦០ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា តម្លៃអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងហូជីមិញ មានទំហំទឹកប្រាក់៩៧លានដុង (៣.៦៨០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ការកើនឡើងនៃតម្លៃអាផាតមុិនត្រូវបានជំរុញជាចម្បង ដោយតម្រូវការផ្នែកអាផាតមុិនលំដាប់ខ្ពស់ និងឥទ្ធិពលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
នៅចំកណ្តាលទីក្រុងហូជីមិញ គេបានសង្កេតឃើញមាន អាផាតមុិនថ្មីប្រមាណត្រឹមតែ៨២០យូនីតប៉ុណ្ណោះដែលវាយលុកទីផ្សារ ដែលក្នុងនោះអាផាតមុិនចំនួនជិត៩០ភាគរយជា អាផាតមុិនលំដាប់ខ្ពស់ និងប្រណីត។

លោក Alex Crane នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Vietnam បានមានប្រសាសន៍ឱ្យដឹងថា និន្នាការកើនឡើងនៃតម្លៃអាផាតមុិនឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងទីផ្សារ។
លោកបានពន្យល់ថា ដោយសារដីនៅក្នុងទីក្រុងកាន់តែមានចំនួនតិច និងមានតម្លៃថ្លៃ ហើយថ្លៃដើមនៃការអភិវឌ្ឍបន្តកើនឡើង។តម្លៃអាផាតមុិននៅទីក្រុងហូជីមិញនឹងនៅតែបន្តកើនឡើង ខណៈការផ្គត់ផ្គង់អាផាតមុិនថ្មីនៅតែបន្តងាកទៅរកផ្នែកកម្រិតខ្ពស់។
ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៧ ទីក្រុងហូជីមិញត្រូវបានគេរំពឹងថា នឹងទទួលបានការផ្គត់ផ្គង់អាផាតមិនថ្មីប្រហែល៥០.០០០យូនីត ភាគច្រើនជាផ្នែកអាផាតមុិនលំដាប់ខ្ពស់ ខណៈលំនៅឋានដែលមានតម្លៃសមរម្យកំពុងផ្លាស់ប្តូរទៅតំបន់ជាយក្រុង៕ប្រភព: Vnexpress ៕







