ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា រួមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។
កិច្ចសន្ទនានេះ ធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោកKIM Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។
កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., តំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ(KOTRA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។
ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកូរ៉េ និងបានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈមោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា “កិច្ចសន្ទនានេះ មិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត”។
កិច្ចសន្ទនាបានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហា ដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគ នៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោកKIM Changyong បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៣នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប សម្រាប់បញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបានលើកឡើង។
លោកបានយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទាន អាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក.អ.ក. បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។
ស្របពេលដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងមានការផ្លាស់ប្តូរឥតឈប់ឈរ ភាគីទាំងពីរបានឯកភាពគ្នាថា ទាំងផ្នែករដ្ឋនិងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀត ដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយចីរភាព។
កិច្ចសន្ទនាលើកទី៣នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ជារួមលទ្ធផលនៃកិច្ចសន្ទនានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវភាពជោគជ័យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនកូរ៉េ។ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថា នឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕







