កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥នៃគំរោងតម្លៃ៥០០លានដុល្លារសម្រេចវឌ្ឍនភាពជាង៥១ភាគរយហើយ

ចែករំលែក

ដោយៈ ម៉ាណា

    បន្ទាយមានជ័យៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦នេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ប្រវែង៣៥,១៤គីឡូ​ម៉ែត្រ សម្រចបានលទ្ធផលជារួម៥១,០៧%។

តាមផែនការ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧ខាងមុខនេះហើយ។ ខណៈដែលដំណើរការការដ្ឋានកំពុងមមាញឹក សូមអំពាវនាវ ដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ព្រមទាំងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។

ក្រសួងក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ។

គំរោងស្តារនិងពង្រីកផ្លូវជាតិលេខ៥ ជាគំរោងទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់៥០០លានដុល្លារអាមេរិក ដែលវាជាខ្សែផ្លូវដ៏សំខាន់នៃតំបន់អាស៊ាន ដោយភ្ជាប់រវាងប្រទេសថៃ ឆ្លងកាត់កម្ពុជា ឆ្ពោះតភ្ជាប់ទៅកាន់ប្រទេសវៀតណាម៕


ចែករំលែក