ដោយៈ ចំណាន
ភ្នំពេញៈ ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាល កម្ពុជាបានដាក់ដំណើរការរោងចក្រស្តុកថាមពលអាគុយ ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យទំហំ១០០០ម៉េហ្កាវ៉ាត់ ជាស្ថានីយ៍ដែលមានទំហំធំជាងគេលំដាប់ទី១នៅតំបន់អាស៊ាន។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា សមទ្ធិផលដ៏សំខាន់ និងជាប្រវត្តិសាស្រ្តដំបូងមួយ ក្នុងវិស័យថាមពលរបស់ប្រទេសកម្ពុជា ដោយបានដាក់ដំណើរការជាផ្លូវការ នូវគម្រោងស្តុកថាមពលអាគុយ (BESS) ធំជាងគេបំផុតនៅអាស៊ីអាគ្នេហ៍ ដែលមានសមត្ថភាពផ្ទុក រហូតដល់១០០០មេហ្កាវ៉ាត់ម៉ោង (MWh)ដោយក្រុមហ៊ុនSchneiTec Group។
នេះមិនមែនគ្រាន់តែជាប្រព័ន្ធ ស្តុកថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់បំផុត ក្នុងការពង្រឹងស្ថេរភាពថាមពលជាតិឱ្យមានស្ថេរភាព។
គម្រោងនេះ បើកផ្លូវសម្រាប់ថាមពលកកើតឡើងវិញ តាមរយៈការផ្ទុកថាមពល ដែលផលិតលើសពីថាមពលសូឡា និងថាមពលខ្យល់ពេលថ្ងៃ ដើម្បីអាចប្រើប្រាស់នៅពេលយប់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈបុរាណ។

លើសពីនេះទៅទៀត គម្រោងនេះបានជួយដាក់កម្ពុជាឱ្យក្លាយជាប្រទេសក្នុងតំបន់អាស៊ាន ដែលអនុវត្តបច្ចេកវិទ្យាលំនឹងបណ្តាញ (Grid-Forming)ឈានមុខគេ។
ខណៈរោងចក្រស្តុកថាមពល អាគុយធំជាងគេនៅអាស៊ីអាគ្នេយ៍កន្លងមកគឺនៅ ប្រទេសម៉ាឡេស៊ី ជាមួយសមត្ថភាពស្តុកបានតែ៤០០មេហ្គាវ៉ាត់ម៉ោងតែប៉ុណ្ណោះ ដែលនាំឱ្យម៉ាឡេស៊ី ធ្លាក់ទៅលេខ២ភ្លាមៗ បន្ទាប់ពីប្រទេសកម្ពុជាបើកដំណើរការ រោងចក្រស្តុកអាគុយ ១០០០ មេហ្គាវ៉ាត់ម៉ោងរបស់ខ្លួន។
នេះគឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្របញ្ចកោណ ដើម្បីគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការប្រើប្រាស់ថាមពលស្អាត៧០ភាគរយ នៅឆ្នាំ២០៣០៕







