ដោយៈ ចំណាន
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdលោកស្រីតាំង ហួរបានលើកឡើងថា អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ និងវិស័យជាច្រើនទៀត បានបង្ហាញការប្រុងប្រយ័ត្នជាងមុន លើការជជែកពិភាក្សាទាក់ទងការទិញ លក់ណាមួយ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២១ មេសាកន្លងមកថា នៅក្នុងអាជីពភ្នាក់ងារអចលនទ្រព្យក្តី រកស៊ីអ្វីទៀតក្តី អ្នកវិនិយោគតែងតែសិក្សា ពីប្រវត្តិក្រុមហ៊ុន ការឈរជើង របស់ក្រុមហ៊ុនបានរយៈពេលប៉ុន្មាន និងការកសាងកេរ្ត៍ឈ្មោះរបស់បុគ្គលនោះ ច្បាស់លាស់ជាមុនសិន ទើបពួកគេសម្រេចចិត្តធ្វើការជជែក និងផ្តល់ទំនុកចិត្ត។
លោកស្រីតាំង ហួរបានបញ្ជាក់ទៀតថា បទពិសោធន៍ ជំនាញវិជ្ជាជីវៈ ក៏ពិតជាមានសារៈសំខាន់ ដែលធ្វើឲ្យក្រុមហ៊ុនណាមួយអាចឈរជើងបាន ពិសេសបើពួកគេទិញគំរោងណាមួយ ពួកគេសិក្សាពីប្លង់ ផែនការមេច្បាស់លាស់ មិនមានជាប់បញ្ចាំជាមួយធនាគារ ទើបពួកគេសម្រេចចិត្តទិញ ឬធ្វើការជាមួយ។
លោកស្រីបន្តថា “រកស៊ីក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គឺពួកគេបារម្ភពីការបោកប្រាស់ និងប្រឈមហានិភ័យដែលអាចកើតមាន”។លោកស្រីបន្តថា “អ្នករកស៊ីបោកប្រាស់គេ ជំពាក់លុយគេ ធ្វើគំរោងខ្យល់ ពួកគេពិបាកឈរជើងនៅលើទីផ្សារណាស់”៕







