ក្រសួងពិចារណាលទ្ធភាព នៃការបង្ហោះផ្កាយរណបដោយខ្លួនឯង ក្នុងរយៈពេល៥ឆ្នាំខាងមុខ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេត បានបង្ហើបថា យើងត្រូវគិតគូរអំពីលទ្ធភាព នៃការបង្ហោះផ្កាយរណបដោយខ្លួនឯង ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាជាអធិបតីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័​យ តាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប”។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Awais Ahmed នាយកប្រតិបត្តិនៃក្រុមហ៊ុន Pixxel Space Technologies Inc ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក.ប.ទ. និងមន្ទីរ ប.ទ. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងនិស្សិត សរុបប្រមាណ ២១០នាក់ នៅទីស្តីការ ក.ប.ទ.។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាព លើការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សា ក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា លើផ្នែកផ្កាយរណបនិងលំហអាកាស។

នៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាព ផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីលើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តន៍ នៃការបង្កើតអង្គភាពទទួលបន្ទុក គ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធ នឹងលំហអាកាស។

សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាព នៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation​) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕


ចែករំលែក