ដោយៈ ចំណាន
ភ្នំពេញៈ ដៃគូអភិវឌ្ឈន៍ចំនួនពីរ គឺធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទាន ដល់គម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។
ព័ត៌មាននេះ ត្រូវបានលើកឡើង ក្នុងឱកាសលោកហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិស នៃគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផែនការឆ្នាំ២០២៦ របស់គម្រោងSCMF។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីថ្នាក់ដឹកនាំគម្រោង ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង និងទីប្រឹក្សាបច្ចេកទេសគម្រោង ក្នុងគោលបំណងរាយការណ៍វឌ្ឍនភាពការងារ អនុវត្តគម្រោងមកទល់ត្រីមាសទី១ ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងដាក់ទិសដៅអនុវត្តបន្ត។

ក្រោយពីបានទទួលស្តាប់បទបង្ហាញ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់អង្គប្រជុំ បង្កើនការសហការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យសម្រេចបានសមិទ្ធិផលជាក់ស្តែង ទាំងលើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ក្រោមសមាសភាគរបស់គម្រោងរួមមាន៖ ពន្លឿនការដាក់ពង្រាយសំណង់ និងប្រអប់ជម្រកត្រីសិប្បនិម្មិត ដោយកំណត់ផែនការនិងទីតាំងឱ្យបានជាក់លាក់ បន្តការគាំទ្រសហគមន៍នេសាទ ទាំងការពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍ សមាជិក និងសកម្មភាពសេដ្ឋកិច្ចសហគមន៍ ព្រមទាំងពន្លឿនការអភិវឌ្ឍផែនេសាទ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសហគមន៍ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកហាស់ សារ៉េត បានផ្តល់អនុសាសន៍លើការគ្រប់គ្រងនិងដាំព្រៃកោងកាង ដែលទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពទិន្នន័យក្រោមក្របខណ្ឌជលផល និងសហការជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងបង្កើនការគាំទ្រ ដល់អាជីវកម្មជលផលសមុទ្រ តាមរយៈការពង្រឹងសមត្ថភាពផលិតកម្ម ការបង្កើនតម្លៃបន្ថែម និងឱកាសទីផ្សារ៕







