ដោយៈ និស្ស័យ
កណ្តាលៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ បានបើកសម្ភោធ កំណាត់ផ្លូវលេខ២៣ ដែលតភ្ជាប់ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីនេះក៏មានការចូលរួមពី លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Ms. YASMIN SIDDIQI)នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។
គម្រោងនេះ មានទទឹងតួផ្លូវប្រវែង១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់៨សង់ទីម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។

គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពាន ចំនួន៣កន្លែង ប្រវែងសរុប១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន៤៨កន្លែង និងលូតាមប្រឡាយផ្លូវចំនួន៨កន្លែងប្រវែងសរុប២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
លើសពីនេះគម្រោងនេះ ក៏មានការស្ថាបនារង្វង់មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បីសម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព៕








