ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានរក្សាសន្ទុះវិជ្ជមានទាំងផ្នែកលំនៅឋាន និងការិយាល័យ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទោះបីជាមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងលើពិភពលោក និងកំណើននៃថ្លៃដើមសំណង់យ៉ាងណាក្តី។
លោកស្រី Jamie Tan នាយិកាគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Malaysia បានអះអាងថា ទីផ្សារនៅតែបន្តត្រូវបានដោយភាពរឹងមាំនៃតម្រូវការក្នុងស្រុក និងការចាប់អារម្មណ៍របស់បណ្តាវិនិយោគិន ទោះបីជាភាពតានតឹងភូមិសាស្ត្រនយោបាយ ការកើនឡើងថ្លៃថាមពល និងហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់បានជះឥទ្ធិពលដល់ទំនុកចិត្តជាទូទៅក៏ដោយ។
លោកស្រីបានកត់សម្គាល់ថា ផ្នែកលំនៅឋាននៅតែជាកត្តារួមចំណែកធំបំផុតដល់ភាពរឹងមាំនៃទីផ្សារអចលនទ្រព្យម៉ាឡេសុី ហើយតម្រូវការការិយាល័យកំពុងងាកទៅរកប្រភេទការិយាល័យ ដែលមានគុណភាពខ្ពស់។
ផ្នែកលំនៅឋាន ដែលគ្របដណ្តប់ចំនួន៦២ភាគរយនៃប្រតិបត្តិការអចលនទ្រព្យសរុបនៅក្នុងប្រទេសម៉ាឡេស៊ី នៅតែមានស្ថិរភាពនៅដើមឆ្នាំ២០២៦ ដោយទំហំទឹកប្រាក់នៃប្រតិបត្តិការបានកើនឡើង១,៣ភាគរយក្នុងត្រីមាសទី១។
អត្រានៃការជួលការិយាល័យ (occupancy) នៅកណ្តាលទីក្រុងគូឡាឡាំពួរបានកើនឡើងដល់៨២,៥ភាគរយនៅក្នុងត្រីមាសទីមួយ ខណៈអត្រានៃការជួលការិយាល័យនៅតំបន់ជាយក្រុងគូឡាឡាំពួរបានបន្តនាំមុខគេ ជាមួួយនឹងអត្រា៩៣,៥ភាគរយ។

តម្លៃជួលការិយាល័យនៅកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃជាមធ្យមចំនួន៧,៤៥រីងហ្គីត ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈតម្លៃជួលការិយាល័យនៅតំបន់ជាយក្រុងគូឡាឡាំពួរមានតម្លៃជាមធ្យមចំនួន៦,៧៥រីងហ្គីត ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។
លោកស្រី Quiny Lee ប្រធានផ្នែកប្រឹក្សាយោបល់លើការជួលការិយាល័យរបស់ក្រុមហ៊ុន JLL ប្រចាំម៉ាឡេស៊ី បានលើកឡើងថា ទីផ្សារការិយាល័យម៉ាឡេសុីកំពុងងាកទៅផ្តោតលើការជួលការិយាល័យដែលមានគុណភាពខ្ពស់ ដោយអ្នកជួលផ្តល់អាទិភាពដល់អគារការិយាល័យថ្មីៗ មានភាពបៃតង និងមានការតភ្ជាប់កាន់តែប្រសើរឡើង។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា ការណ៍នេះគាំទ្រដល់ការរក្សាបុគ្គលិកមានទេពកោសល្យ ប្រសិទ្ធភាពប្រតិបត្តិការ និងគោលដៅបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៕







