រដ្ឋាភិបាលកំពុងបង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួមមួយរបស់ជាតិ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ នៅមុនដំណាច់ឆ្នាំ២០២៨ រាជរដ្ឋាភិបាលត្រូវបង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈរួមមួយ របស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និងការប្រើប្រាស់ធនធានសាធារណៈ។

គោលនយោបាយនេះ ស្របតាមឧត្ដមានុវត្ដន៍ជាអន្ដរជាតិ និងបរិការណ៍ជាក់ស្ដែងរបស់កម្ពុជា សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកប៉ែន ធីរុង្គ រដ្ឋលេខា​

ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដែលបានដឹកនាំរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ដ្រស្ដីពីការកែទម្រ​ង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨”។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីលោក លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋបាលរាជធានី ខេត្ដ, មន្ទីរជំនាញពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍គន្លឹះៗ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអ.គ.ហ. សរុបប្រមាណ ៤០០រូប។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តយុទ្ធសាស្ត្រស្ដីពី ការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ ជូនដល់ក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន/អង្គភាពស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលរាជធានី ខេត្ដ ដើម្បីចូលរួមអនុវត្ដយុទ្ធសាស្ដ្របច្ចុប្បន្នកម្មនេះ ប្រកបដោយការយកចិត្ដទុកដាក់ និងបុរេសកម្ម ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ គោលបំណង និងគោលដៅនៃយុទ្ធសាស្ដ្របច្ចុប្បន្នកម្មនេះ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញចំនួន៣ ដោយមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ. តំណាងក្រសួងបរិស្ថាន និងតំណាងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដូចជា៖ ១) យុទ្ធសាស្ដ្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨។ ២) វឌ្ឍនភាព និងទិសដៅការងារពាក់ព័ន្ធការគ្រប់គ្រងការវិនិយោគសាធារណៈ របស់ក្រសួងបរិស្ថាន និង៣) ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រា​ប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ៕


ចែករំលែក