ក្រុមហ៊ុនGrab Holding Incគ្រោងពង្រីកវិសាលភាពវិនិយោគ នៅកម្ពុជា

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនGrab Holdings Inc. ប្រទេសសិង្ហបុរីបានបង្ហាញពីឆន្ទៈ ក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា ស្របពេលវិស័យដឹកជញ្ជូនសាធារណនៅកម្ពុជា កាន់តែមានការរីកចម្រើន។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុតឱកាស លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Alex Hungate ប្រធាន និងជានាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី ក្នុងឱកាសដែលលោក កំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងជំនួបប្រកបដោយអត្ថន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Alex Hungate និងគណៈប្រតិភូក្រុមហ៊ុនGrab ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តវិនិយោគ និងពង្រីកសេវាកម្មទំនើបៗនៅកម្ពុជា ដែលរួមចំណែ​កដល់ការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាកិច្ចឆ្លើយតប លោកAlex Hungate បានជម្រាបជូនលោក ឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនGrab នៅកម្ពុជា។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖ ការពង្រីកវិសាលភាពសេវាកម្ម និងការពិនិត្យលទ្ធភាព ក្នុងការផ្តល់ហិរញ្ញប្បទានដល់ដៃគូសហការរបស់ក្រុមហ៊ុន សំដៅបង្កភាពងាយស្រួល និងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន។

បន្ថែមពីលើនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈយ៉ាងស៊ីជម្រៅជុំវិញគំនិតផ្តួចផ្តើមបៃតងរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន Grab ក៏បានបង្ហាញពីឆន្ទៈ និងវិធីសាស្ត្រជាក់ស្តែង ក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត ក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល និងគាំទ្រដល់គម្រោងវិនិយោគនានារបស់ក្រុមហ៊ុន៕


ចែករំលែក