លោកស្រីតាំង ហួរៈ ឆ្នាំ២០២៦ ២០២៧ ជាពេលត្រូវអត់ធ្មត់ក្នុង វិស័យអចលនទ្រព្យ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលបាន និងកំពុងបង្រ្កាបScam Online ឆ្នាំ២០២៦-២០២៧ វាជាពេលដែលអ្នកនៅក្នុងវិស័យអចលនទ្រព្យត្រូវអត់ធ្មត់ ដោយរង់ចាំអ្វីៗល្អប្រសើរនៅឆ្នាំ២០២៨។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង នៅដើមសប្តាហ៍នេះថា នៅពេលបញ្ហាScam online បាននិងកំពុងសំអាត ស្ថានភាពផលប៉ះពាល់ពិតជាកើតមានឡើង ប៉ុន្តែបន្ទាប់ពីកេរ្ត៍ឈ្មោះប្រទេសយើងល្អ អ្វីៗនឹងឈានទៅរកភាពល្អប្រសើរនៅឆ្នាំ២០២៨។

លោកស្រីបញ្ជាក់ថា “ឆ្នាំ២០២៨ អ្វីៗមិនផ្តោតលើអចលនទ្រព្យនោះទេ វាផ្តោតលើឧស្សាហកម្ម បច្ចេកវិទ្យា ដែលជួយជម្រុញសេដ្ឋកិច្ចយើងឲ្យមានភាពរីកចម្រើនលឿន”។ លោកស្រីបន្តថា “នៅពេល​សេដ្ឋកិច្ចយើងរីកចម្រើនលឿន វិស័យអចលនទ្រព្យនឹងមានភាពរីកចម្រើនព្រមគ្នាផងដែរ”។

លោកស្រីតាំង ហួរបានបន្តថា យ៉ាងណា ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ យុវជន ក៏ដូចជាសហគ្រិននានា ត្រូវពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្តទៀត ដើម្បីយើងអាចបោះជំហ៊ានទៅឆាកអន្តរជាតិ ទើបយើងមានឱកាសច្រើន សម្រាប់អនាគត។

យោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងឆ្នាំ២០២៦បានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែងើបឡើងក្នុងល្បឿនយឺតៗ ជាមួយអត្រាកំណើនក្នុងរង្វង់៣ភាគរយ៕


ចែករំលែក