ដោយៈ ចំណាន
ភ្នំពេញៈ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) និងវិទ្យាស្ថានCEO បានរួមគ្នារៀបចំយុទ្ធនាការខ្មែរត្រូវតែខ្លាំងក្នុងវិស័យសារព័តរ៌មាន និងKOLs។
យុទ្ឋនាការនេះ មានការចួលរួមជាអធិបតីពីលោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនេត្រ ភក្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកបណ្ឌិត អោម សេងបូរ៉ា ជាប្រធានវិទ្យាស្ថានCEO លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។
យុទ្ធនាការនេះ ធ្វើឡើងពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្ម ក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីស្វែងរកចំណុចប្រសព្វរវាងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។
ធម្មទានាចារ្យ កឹម អឿន នាយកប្រិបត្តិវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងក្នុងសិក្ខាសាលា កាលពីព្រឹកថ្ងៃទី៥ ឧសភាថា សិក្ខាសាលាដ៏មានសំខាន់នេះ មានអ្នកចូលរួមជាក់ស្តែងប្រមាណ៥០០នាក់។
យុទ្ធនាការនេះ បានរៀបចំឡើងចំនួន៧លើកហើយ រួមទាំងលើកនេះទៀត។
លោកគឹម អឿនបានបញ្ជាក់ថា “ដើម្បីធ្វើឱ្យយើងខ្លាំងបាន គឺយើងគ្រប់គ្នា ត្រូវតែហ៊ាននិយាយនូវអ្វី ដែលជាបញ្ហាខាងក្នុងចេញមកខាងក្រៅ ដើម្បីរួមគ្នាដោះស្រាយ ទើបយើងអាចទទួលបានជោគជ័យ”។
សិក្ខាសាលាដែលបានរៀបចំឡើង ដោយផ្តោតសំខាន់ទៅលើវិស័យសារព័ត៌មាន បានអញ្ជើញវាគ្មិនសំខាន់ៗជាច្រើនរូប ខ្លះគឺជាចាងហ្វាង និពន្ធនាយក ឬជាម្ចាស់ស្ថាប័នសារព័ត៌មានសំខាន់ៗនៅកម្ពុជា។ វាគ្មិននីមួយៗ បានចែករំលែកនូវបទពិសោធន៍ បញ្ហាគន្លិះ និងប្រធានបទផ្សេងៗពីគ្នា រួមមានៈ លោក កៃ គឹមសុង អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បង្ហាញពីប្រធានបទ ទាក់ទងទៅនឹង របៀបធ្វើសារប្រព័ត៌មាន និងផ្សព្វផ្សាយបែបវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាព។

លោកអ៊ុំ សារ៉ាវុធ ចាងហ្វាងសារព័ត៌មាន Cambodia Flash News ( CFN) ផ្ដោតលើប្រធានបទ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ លោកអ៊ិន មាន អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មាន ផ្ដោតលើប្រធានបទ បង្កើនគំនិតអាជីវកម្ម និងបច្ចេកវិទ្យា ក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ឲ្យកាន់តែរីកចម្រើន និងចីរភាព។ លោកសយ សុភាព អគ្គនាយកគេហទំព័រដើមអំពិល លើកឡើងពីគន្លឹះ ធ្វើយ៉ាងណាឲ្យវិស័យសារព័ត៌មាន និងផ្សព្វផ្សាយរបស់ខ្មែរយើង ឱ្យឈានទៅដល់កម្រិតអន្តរជាតិ។
ក្រៅពីវាគ្មិនសំខាន់ៗ ដែលជាអ្នកជំនាញខាងសារព័ត៌មាន ក្នុងវិស័យឯកជន ក៏មានតំណាងពីខាងវិស័យរដ្ឋចូលរួមផងដែរ។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងដែរថា ចំពោះយុទ្ធនាការខ្មែរត្រូវតែខ្លាំងនេះ លោកមានការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ព្រោះយុទ្ធនាការទៀតសោត បានអញ្ជើញអ្នកដែលមានសមត្ថភាពពីគ្រប់ផ្នែក គ្រប់ជំនាញមកជួបគ្នា ហើយផ្ដល់នូវចំណេះដឹងឲ្យគ្នាទៅវិញទៅមក ដើម្បីយើងទាំងអស់គ្នាខ្លាំង និងធ្វើឲ្យខ្មែរខ្លាំងផងដែរ។
លោកបន្តថា “យុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺជាយុទ្ធនាការជាតិមួយ ដែលបានធ្វើឡើង គឺពិតជាល្អ ត្រូវបរិបទសង្គម និងស្ថានភាពសង្គមនាពេលបច្ចុប្បន្ន”។លោកបន្ថែមថា “លើសពីនេះ បាវចនានរបស់យុទ្ធនាការរួបរួម ស្តង់ដារ សមត្ថភាព គឺមានខ្លឹមសារស៊ីជម្រៅ។ បាវចនាដ៏ល្អនេះ ប្រសិនបើខ្មែរធ្វើបាន ខ្មែរពិតជាខ្លាំងយ៉ាងពិតប្រាកដ”។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ គឺចង់ឲ្យអ្នកសារព័ត៌មានទាំងអាជីព និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងអស់ ត្រូវបង្កើតស្តង់ដារមួយ ដែលមាន “DNA” របស់ខ្មែរ ក្នុងការផ្ទៀងផ្ទាត់ការពិត ក៏ដូចជាការកំណត់នូវ “សូចនាករលទ្ធផលគោលដៅ” កួបផ្សំនឹងនីតិវិធីប្រព្រឹត្តស្តង់ដារ ដើម្បីឲ្យការបញ្ចេញមតិ ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃសីលធម៌ ធានាបាននូវការថែរក្សាអត្តសញ្ញាណជាតិ និងមិនរំលោភសិទ្ធិអ្នកដទៃ។

យុទ្ធនាការខ្មែរត្រូវតែខ្លាំងត្រូវបានបង្កើតឡើងដោយលោកបណ្ឌិតអោមសេង បូរ៉ាស្ថាបនិកវិទ្យាស្ថានCEO ក្រោមបាវចនា “រួបរួម ស្តង់ដា និងសមត្ថភាព”។
លោកបញ្ជាក់ថា បន្ទាប់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា២លើក នៅឆ្នាំ២០២៥ កម្ពុជាត្រូវការការរួបរួមបន្ថែមទៀត ដើម្បីពង្រឹងភាពខ្លាំងរបស់យើង ហើយដើម្បីសម្រេចបានភាខ្លាំង យើងត្រូវមានស្តង់ដាការងារ និងអាជីវកម្មច្បាស់លាស់ តាមរយៈការពង្រឹងសមត្ថភាពរបស់ស្ថាប័ន និងសហគ្រិននានា ដើម្បីសម្រេចគោលដៅរបស់ជាតិ ប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បានមានប្រសាសន៍ឲ្យដឹងថា សមាគមនេះបង្កើតឡើង ដោយប្រមូលផ្តុំនូវធនធានខួរក្បាលនៃអ្នកជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដើម្បីចូលរួមបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យទទួលបានចំណេះដឹងទាក់ទងនឹងការសរសេរព័ត៌មានសេដ្ឋកិច្ច អចលនទ្រព្យ ហិរញ្ញវត្ថុជាដើម។
លោកបញ្ជាក់ថា “យើងចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា ទៅកាន់ពិភពលោកឲ្យបានកាន់តែទូលំទូលាយ ពិសេសព័ត៌មានទាក់ទង នឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គកម្ពុជា”។ លោកបន្ថែមថា “ការផ្សព្វផ្សាយអវិជ្ជមាន មិនបានផ្តល់គុណតម្លៃដល់សង្គមជាតិនោះទេ ប៉ុន្តែការផ្តល់ព័ត៌មានស្របតាមបរិបទសង្គម និងវិជ្ជមាននឹងជួយផ្តល់ទំនុកចិត្ត ដល់វិនិយោគិនអន្តរជាតិ ឲ្យសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា”៕







