ដោយៈ ចំណាន
ភ្នំពេញៈ លោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានបង្ហើបពីប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលverify.gov.kh លើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការរៀបចំប្រព័ន្ធអាសយដ្ឋានជាដើម។
ព័ត៌មាននេះត្រូវបាលលើកឡើង នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”។
លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមរយៈការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅទូទាំងប្រទេស រួមមានស្ថានីយអង់តែនទូរសព្ទ ស្ថានីយអង់តែនក្នុងអគារ និងបណ្ដាញខ្សែកាបអុបទិក។

សិក្ខាសាលាថ្ងៃនេះ នឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេស នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់អំពី ការផ្តល់កិច្ចសហការជាមួយ ក.ប.ទ. ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ តាមរយៈការដាក់លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេស ក្នុងលិខិតអនុញ្ញាតសាងសង់ សំដៅសម្រេចបានគោលដៅ នៃការពង្រឹងសេវាទូរគមនាគមន៍ កាន់តែមានគុណភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារសំខាន់នៃបច្ចេកវិទ្យាឌីជីថល ក្នុងការអនុវត្តការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក.ប.ទ. ចំពោះសមិទ្ធផលជាសារវន្តនៃវិស័យឌីជីថល៕








