ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”។
កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងលោកស្រី Stephanie Chow លេខាទី១ ផ្នែកនយោបាយ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយ នៃគម្រាងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure) ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកគង់ ផល្លៈ បានមានប្រសាសន៍ថា ខ្សែកាបក្រោមបាតសមុទ្រគឺជា “ឆ្អឹងខ្នង” នៃសេដ្ឋកិច្ចឌីជីថល និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ដឹកជញ្ជូនទិន្នន័យ ព្រមទាំងតភ្ជាប់អាជីវកម្ម និងប្រជាពលរដ្ឋកម្ពុជាជាមួយពិភពលោក។
លោកបញ្ជាក់ថា “ការកសាងប្រព័ន្ធតភ្ជាប់ជាតិ ឱ្យបានពេញលេញ ដោយគិតចាប់តាំងពីខ្សែកាបក្រោមបាតសមុទ្រ ទៅផ្កាយរណបនៅលំហអវកាស គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត”។
ជាក់ស្តែង នៅពេលថ្មីៗនេះ ក.ប.ទ.ក៏បានប្រកាសពីមហិច្ឆិតាក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍២៥ កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅបរទេស លើជំនាញបច្ចេកទេសផ្កាយរណប។
ការបណ្តុះបណ្តាលថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សរបស់ ក.ប.ទ. និង ន.ទ.ក. ដើម្បីពង្រឹងសមត្តភាពមន្ត្រីឱ្យមានការគិតគូរ និងត្រៀមលក្ខណៈ ដើម្បីដឹកនាំនិងគ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ៕







