ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រារពពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN)។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS)រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន)។
គម្រោងសាងសង់ស្ពាន កោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។
គម្រោងនេះមានសារៈសំខាន់ ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
គម្រោងនេះនឹងតភ្ជាប់ បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាល ទាំងរដូវប្រាំងនិងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លានេះ ឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនដ៏មាន សុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទៅនិងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុង ភ្នំពេញ៕







