ដោយ: សហសេវិក
អន្តរជាតិ: ប្រជាជនទីក្រុងសេអ៊ូលកាន់តែច្រើនកំពុងផ្លាស់ទៅរស់នៅខេត្ត Gyeonggi ជាប់រដ្ឋធានី ខណៈតម្លៃលំនៅឋាននៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងនៅតែមានកម្រិតខ្ពស់។
យោងតាមទិន្នន័យចំណាកស្រុកក្នុងស្រុកដែលចេញផ្សាយដោយក្រសួងទិន្នន័យ និងស្ថិតិ បង្ហាញថា មានមនុស្សចំនួន ៨៣.៩៨៤ នាក់បានផ្លាស់ទីលំនៅចេញពីទីក្រុងសេអ៊ូលទៅខេត្ត Gyeonggi រវាងខែមករា និងខែមីនា។
តួលេខខាងលើបានកើនឡើង៣០,៩ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុន និងកើនឡើង១១,៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតប្រចាំត្រីមាស រាប់ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។
ប្រជាជនភាគច្រើន ដែលចាកចេញពីទីក្រុងសេអ៊ូលបានផ្លាស់ទៅបណ្តាទីក្រុងធំៗនៅក្នុងខេត្ត Gyeonggi ដែលមានបណ្តាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធលំនៅឋានរឹងមាំ។
ក្នុងចំណោមបណ្តាទីក្រុងទាំងនោះ ទីក្រុងស៊ូវ៉ុន (Suwon) ដែលជាទីប្រជុំជនដ៏ធំបំផុតមួយរបស់ខេត្ត Gyeonggi បានស្រូបទាញប្រជាជនថ្មីចំនួន ១៣.៧១២នាក់ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦។

ទិន្នន័យបានបង្ហាញថា ប្រជាជនក្រុងសេអ៊ូលគ្របដណ្តប់ចំនួន១៥,៦៩ភាគរយនៃអ្នកទិញអាផាតមុិនសរុបនៅក្នុងខេត្ត Gyeonggi ក្នុងខែមីនា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២។
«តម្លៃលំនៅឋាននៅទីក្រុងសេអ៊ូលបានហក់ឡើងថ្លៃខ្លាំង ដែលជំរុញឱ្យអ្នករស់នៅបច្ចុប្បន្នផ្លាស់ទៅកាន់តំបន់ខាងក្រៅ»។ នេះបើយោងតាមសម្ដីរបស់លោក Seo Jin-hyung សាស្ត្រាចារ្យផ្នែកច្បាប់អចលនទ្រព្យនៅសាកលវិទ្យាល័យ Kwangwoon៕ប្រភព: The Korea Herald៕







