ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកសិក្ខាសាលាស្តីពី ការពង្រឹងគុណភាព និងសុវត្តិភាពជណ្តើរយន្ត និងសំណង់ ក្រោមអធិបតីភាពលោកទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តំណាងសភាពាណិជ្ជកម្ម មានការចូលរូមពីឧកញ៉ា នួន រិទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយនឹង សមាជិកនៃក្រុមការងារ “ឌ” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈវិស្វករកម្ពុជា, តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសក្រុមហ៊ុនឯកជន ក្នុងវិស័យសំណង់ និងជណ្តើរយន្តជាច្រើនទៀតផងដែរ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានគោលបំណងដើម្បី ទី
១. បង្កើនប្រសិទ្ធភាពការងារ និងការប្រកបវិជ្ជាជីវៈពាក់ព័ន្ធនឹងការដំឡើងជន្តើរយន្ត។ ២. ពង្រឹងគុណភាព និងសុវត្ថិភាពជណ្តើរយន្តមុននឹងដាក់ឱ្យប្រើប្រាស់ ដោយតម្រូវឱ្យមានរបាយការណ៍បញ្ជាក់គុណភាព និងសុវត្ថិភាពនៃការដំឡើងពីក្រុមហ៊ុនដំឡើង និងមានលិខិតបញ្ជាក់អនុលោមភាព នៃការដំឡើងជណ្តើរយន្ត និងទី៣. បញ្ជ្រាបការយល់ដឹក ក្នុងន័យកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតមានឡើង ការការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជនផងដែរ៕







