ដោយ: សហសេវិក
អន្តរជាតិ: សកម្មភាពលើទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានថយចុះនៅត្រីមាសទីមួយ ឆ្នាំនេះ ដោយសម្រេចបានចំនួនប្រតិបត្តិការជិត៩០.០០០ ដែលមានតម្លៃសរុបជាង៥១ពាន់លានរីងហ្គីត ខណៈភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកទិញមានការប្រុងប្រយ័ត្ន។
យោងតាមនាយកដ្ឋានវាយតម្លៃ និងសេវាកម្មអចលនទ្រព្យ (JPPH) របស់រដ្ឋាភិបាលម៉ាឡេសុីបានឱ្យដឹងថា ចំនួនប្រតិបត្តិការបានធ្លាក់ចុះ ៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃប្រតិបត្តិការបានធ្លាក់ចុះ ០,៦ភាគរយបើ់ធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២៥។
លោក Abdul Razak Yusak អគ្គនាយក JPPH បានលើកឡើងថា ទីផ្សារលំនៅឋាននៅតែជាកម្លាំងចលករដ៏សំខាន់នៃទីផ្សារដោយគ្របដណ្តប់ចំនួន៥៨,៨ភាគរយនៃប្រតិបត្តិការសរុបទាំងអស់ ដោយមានកិច្ចព្រមព្រៀងលំនៅឋានជិត៥៣.០០០ ដែលមានតម្លៃសរុបប្រហែល២២ពាន់លានរីងហ្គីត។
ផ្ទះដែលមានតម្លៃ៣០០.០០០រីងហ្គីត និងទាបជាងនេះ នៅតែបន្តគ្របដណ្ដប់លើតម្រូវការ និងគ្របដណ្តប់ចំនួនជាងពាក់កណ្តាលនៃប្រតិបត្តិការលំនៅឋានទាំងអស់ ដោយមានលំនៅឋានចំនួន២៧.២០៩យូនីត ត្រូវបានលក់ចេញក្នុងអំឡុងត្រីមាសទី១។
លោក Abdul Razak បានគូសបញ្ជាក់ថា ប្រតិបត្តិការដីលំនៅឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងអភិវឌ្ឍន៍ បានធ្លាក់ចុះចាប់ពី១ភាគរយដល់១០,៧ភាគរយ។

ចំនួនលំនៅឋាន ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រីមាសទី១ បានកើនឡើងជាង៣០ភាគរយដល់ចំនួន១២.៩០៥យូនីត កើនឡើងពីចំនួន៩.៣២៩យូនីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណា សកម្មភាពសាងសង់ថ្មីបានថយចុះយ៉ាងខ្លាំង ដោយសារអ្នកអភិវឌ្ឍន៍បានចាត់វិធានការប្រុងប្រយ័ត្នជាងមុន ស្របពេលមានការកើនឡើងនៃថ្លៃដើមសំណង់ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
ជាក់ស្តែង ការចាប់ផ្តើមសាងសង់លំនៅឋានថ្មីនៅត្រីមាសទី១បានធ្លាក់ចុះមកត្រឹម៨.២៤៣យូនីត បើធៀបនឹងចំនួនជាង២៨.០០០យូនីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: NST Online៕







