សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងជះផលប៉ះពាល់ដល់ការអភិវឌ្ឍគម្រោងខុនដូថ្មីៗរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ជប៉ុន

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ជប៉ុនកំពុងជូនដំណឹងដល់អតិថិជនអំពីលទ្ធភាពនៃការពន្យារពេលក្នុងការប្រគល់ខុនដូថ្មី ដោយសារកង្វះខាតសម្ភារៈសំណង់ ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែបន្តជះផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការបិទច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់បានជំរុញឱ្យមានការកើនឡើងនៃតម្លៃ និងការរឹតបន្តឹងការបញ្ជាទិញសម្ភារៈសំណង់ជាច្រើន ដែលផលិតពីវត្ថុធាតុដើមគីមីឥន្ធនៈ។

នៅចុងខែមេសា ក្រុមហ៊ុន Mitsui Fudosan Residential បានជូនដំណឹងដល់អតិថិជនអំពីការពន្យារពេលដែលអាចកើតមានចំពោះកាលបរិច្ឆេទប្រគល់ខុនដូ និងការផ្លាស់ប្តូរសម្ភារៈសំណង់សម្រាប់គម្រោងអគារខុនដូដ៏ធំមួយនៅទីក្រុងតូក្យូ ដែលមានខុនដូប្រមាណ២.០០០យូនីត។

ក្រុមហ៊ុនបានចេញការជូនដំណឹងស្រដៀងគ្នានេះសម្រាប់ខុនដូថ្មីផ្សេងទៀតដែលកំពុងសាងសង់ និងកំពុងដាក់លក់រួចហើយ។ ក្រុមហ៊ុននេះបានអះអាងថា “ដោយសារភាពមិនប្រាកដប្រជាជុំវិញការផ្គត់ផ្គង់សម្ភារៈសំណង់ យើងកំពុងផ្តល់ព័ត៌មានដល់អតិថិជនជាមុន ដើម្បីត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន”។

ជាមួយគ្នានេះ លោកស្រី Yumi Nakano បុគ្គលិកប្រតិបត្តិការរបស់ក្រុមហ៊ុន Tokyu Fudosan Holdings បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុង “ជូនដំណឹងដល់អតិថិជនអំពីលទ្ធភាពនៃការផ្លាស់ប្តូរពេលវេលានៃការប្រគល់ខុនដូ”។

ទាក់ទងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា លោកស្រីបានគូសបញ្ជាក់ថា “ការពន្យារពេលដឹកជញ្ជូន កង្វះខាតសម្ភារៈ និងការកើនឡើងថ្លៃដើម បណ្តាលមកពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់”៕ប្រភព: Nikkei Asia៕


ចែករំលែក