ដោយៈ ចំណាន
តាកែវៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារ សាងសង់គម្រោងនេះសម្រេចបានជោគជ័យតាមការកំណត់។
កម្មវិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន លោកអភិបាល នៃគណៈអភិបាលខេត្តតាកែវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ការចុះបំពេញបេសកកម្មការងារនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព ការអនុវត្តការងារសាងសង់ ដែលកំពុងបោះជំហានក្នុងទិសដៅវិជ្ជមាន និងសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់ ទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។

តាមរយៈការចុះពិនិត្យនេះដែរ គណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស គ្រប់ផ្នែក ដែលបាន និងកំពុងបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរុញច្រានគម្រោងនេះ ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ដើម្បីបានជាឧត្តមប្រយោជន៍ជាតិ ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ឱ្យកាន់តែមានសក្តានុពល និងមានភាពប្រកួតប្រជែងខ្ពស់៕








