ផ្លូវ​ជាតិ​លេខ​១០ ​ជា​ផ្លូវ​ប្រវត្តិសាស្រ្ត​តភ្ជាប់​តំបន់​ពាយ័ព្យ​និង​តំបន់​ឆ្នេរ​បាន​ដំណើរ​ការ​១​ឆ្នាំហើយ​

ចែករំលែក

ដោយៈ ចំណាន

    កោះកុងៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពផ្លូវ និងធ្វើពិធីប្រគល់-ទទួលបញ្ចប់រយៈពេលធានាគុណភាព ក្រោយដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

 

បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពផ្លូវ និងការងារបច្ចេកទេស ចាប់ពីផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ57-7 ត្រង់PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។

ការចុះពិនិត្យរួមមាន គុណភាពផ្លូវ ទីតាំងដាក់លូរំដោះទឹក ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងទីតាំងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធានាឱ្យបានថា គម្រោងផ្លូវជាតិលេខ១០ ត្រូវបានអនុវត្តន៍ ស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០៕


ចែករំលែក