រដ្ឋមន្រ្តីដែនដីៈកម្ពុជាប្ដេជ្ញាចិត្តផ្ដល់នូវជម្រកសមរម្យដល់ប្រជាជន

ចែករំលែក

ដោយៈ ចំណាន

អាហ្សែបៃហ្សង់ៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសា​សន៍ថា កម្ពុជារំពឹងថានឹងដោះស្រាយបញ្ហា នៃការតាំងទីលំនៅក្រៅផ្លូវការទាំងស្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកបានមានប្រសាសន៍ដូច្នេះ នៅក្នុងអំឡុងសម័យប្រជុំលើកទី១៣ នៃវេទិកាទីក្រុងពិភពលោក របស់អង្គការសហប្រជាជាតិ (WUF13) នៅទីក្រុងបាគូ ​ប្រទេសអាល់ស៊ៃបៃហ្ស៊ង់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដែលជាថ្ងៃចាប់ផ្តើមនៃកិច្ចប្រជុំនេះ។ ​

វេទិកា WUF13 បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ដែលមានអ្នកចូលរួមពីប្រតិភូ អ្នកបង្កើតគោលនយោ​បាយ និងអ្នកជំនាញជាង៤ម៉ឺននាក់ មកពី១៨២ប្រទេស។​ វេទិ​កា​រនេះមានសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើលំនៅឋានគ្រប់គ្រាន់ និងការអភិវឌ្ឍទីក្រុងពិភពលោក ប្រកបដោយនិរន្តរភាព។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីកសិកម្ម និងលំនៅដ្ឋានដល់ប្រជាពលរដ្ឋរាប់​ម៉ឺននាក់ និងបានប្រែជីវភាពរបស់ពល​រដ្ឋក្រីក្រចំនួន៥សែនគ្រួសារ ផ្លាស់ប្តូរទៅជាគ្រួសារដែលមានជីវភាពមធ្យម។​

ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជា ក៏កំពុងគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់តាំងទីលំនៅក្រៅផ្លូវការ ដោយផ្តល់ការងារ អត្រាការប្រាក់ ប្រាក់កម្ចីអនុគ្រោះ កម្មវិធីសន្សំ និងលំនៅដ្ឋានថ្មី៕


ចែករំលែក