មន្រ្តី​ជាន់​ខ្ពស់​ស្នើ​ភាគី​អូស្រ្តាលី​ជួយ​ផ្សព្វផ្សាយ​និង​ទាក់​ទាញ​អ្នក​ធុរ​កិច្ច​អូស្រ្តាលី​មក​វិនិយោគ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើភាគីអូស្រ្តាលី ជួយសម្របសម្រួលនិងផ្សព្វផ្សាយ ពីសក្តានុពលកម្ពុជា ដើម្បីទាក់ទាញអ្នកធុរកិច្ចអូស្រ្តាលី មកវិនិយោគនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកលឹម វិសាលអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីCarol Holmes ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។

លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Carol Holmes ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងបរិបទនៃការលើកកម្ពស់បរិស្ថានធុរកិច្ច លោកលឹម វិសាលបានបរិយា​យអំពីលក្ខណៈពិសេស នៃរបបវិនិយោគកម្ពុជាដែលផ្តល់នូវការសម្របសម្រួល ប្រកបដោយភាពបត់បែន ការលើកទឹកចិត្តដែលមានភាពទាក់ទាញ និងការគាំពារយ៉ាងរឹងមាំ ដល់វិនិយោគិនដោយគ្មានការរើសអើង។

ទន្ទឹមនឹងនេះ លោកលឹម វិសាល ក៏បានលើកឡើងផងដែរអំពីការវិវត្តជាវិជ្ជមាន នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

លោកបានលើកទឹកចិត្តដល់ភាគីមិត្ត ក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលី មកបណ្តាក់ទុនបន្ថែមទៀត លើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

ជាការឆ្លើយតប លោកស្រីCarol Holmes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរ ចំពោះការរីកចម្រើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់កម្ពុជា។

លោកស្រីបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យ ដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពលកកើតឡើងវិញ, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល និងការអភិវឌ្ឍធនធានធម្មជាតិ៕

 


ចែករំលែក