តម្លៃអាផាត​មុិន​ជា​មធ្យម​នៅ​ទីក្រុង​សេអ៊ូល​របស់​កូរ៉េ​ខាង​ត្បូងដាំ​ក្បាលចុះ​ប្រមាណ​២០​ភាគ​រយ​ នៅ​ត្រី​មាស​ទី​១​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: នៅត្រីមាសទីមួយ ឆ្នាំនេះ តម្លៃអាផាតមុិនជាមធ្យម ដែលមានស្តង់ដារទំហំ៨៤ម៉ែត្រការ៉េនៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងបានដាំក្បាលចុះប្រមាណ២០ភាគរយ ធៀបនឹងឆ្នាំមុនមកនៅត្រឹមប្រហែល១,១៩ពាន់លានវ៉ុន។

ការធ្លាក់ចុះនេះបណ្តាលជាចម្បងមកពីការរឹតបន្តឹងបទប្បញ្ញត្តិលើការផ្តល់ប្រាក់កម្ចីទិញផ្ទះដែលជំរុញឱ្យអ្នកទិញងាកទៅរកអចលនទ្រព្យដែលមានតម្លៃថោកជាងនៅក្នុងតំបន់ជាយក្រុង ក៏ដូចជាការកើនឡើងនៃការសម្រុកលក់ប្រញាប់ប្រញាល់ មុនពេលអនុវត្តពន្ធលើប្រាក់ចំណេញមូលធន។

ជាមួយគ្នានេះ សកម្មភាពប្រតិបត្តិការបានងាកទៅរកលំនៅឋានដែលមានតម្លៃមធ្យមទៅទាប។ ការណ៍នេះឆ្លុះបញ្ចាំងពីការថយចុះនៃអំណាចទិញ ក្រោមច្បាប់ផ្តល់ប្រាក់កម្ចីដ៏តឹងរ៉ឹងជាងមុន។ ការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានជះឥទ្ធិពលដល់ឥរិយាបថរបស់អ្នកលក់ ដែលរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃផ្ទះ។

ផ្ទុយទៅវិញ តម្លៃជួលអាផាតមុិនរយៈពេលវែង (jeonse) បានស្ទុះងើបឡើងថ្លៃ ដោយកើនឡើង៧,៦ភាគរយដល់ប្រមាណ៧១០លានវ៉ុន។ កំណើននេះបណ្តាលមកពីការផ្គត់ផ្គង់លំនៅឋានជួលនៅមានកម្រិតនៅឡើយ។

តម្លៃជួលអាផាតមុិនរយៈពេលវែង (jeonse) បានកើនឡើងស្ទើរតែគ្រប់សង្កាត់ទាំងអស់នៅទីក្រុងសេអ៊ូល ដោយសង្កាត់ Gangdong-gu បង្ហាញការកើនឡើងយ៉ាងគំហុក។ ប៉ុន្តែ សង្កាត់ Seocho-gu នៅតែជាតំបន់ដែលមានតម្លៃជួលអាផាតមុិនថ្លៃជាងគេបំផុត។

ទីផ្សារលំនៅឋាននានៅក្នុងទីក្រុងសេអ៊ូលមានភាពខុសប្លែកគ្នា ដោយតម្លៃលក់បានធ្លាក់ចុះ ដោយសារការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ តម្លៃជួលអាផាតមុិនបានកើនឡើងដែលបណ្តាលមកពីកង្វះការផ្គត់ផ្គង់ និងការរឹតបន្តឹងបទប្បញ្ញត្តិ៕ប្រភព: Chosun៕


ចែករំលែក