ដោយៈ ចំណាន
ខេត្តព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ ជាគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្ត របស់ក្រុមហ៊ុនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD)។
រោងចក្រនេះ មានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រោងចក្រកែច្នៃលោហធាតុនេះ មានទីផ្សារគោលដៅនៅប្រទេសចិន។
តាមការបញ្ជាក់ពីម្ចាស់សំណើ នៅពេលពេញសមត្ថភាព រោងចក្រនេះ នឹងមានតម្រូវការកម្លាំងពលកម្មសរុប ប្រមាណ១០០នាក់ផងដែរ។

ក្រោមយន្តការថែទាំអ្នកវិនិយោគ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យក្រុមហ៊ុន ផ្តោតលើចំណុចមួយចំនួនដូចជា ទី១ ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ ទី២ រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ៕







