ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដោយការផ្គត់ផ្គង់ថ្មីកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងដើមឆ្នាំ។
និន្នាការនេះលេចឡើង ស្របពេលការព្យាករណ៍អំពីម៉ាក្រូសេដ្ឋកិច្ចបង្ហាញសញ្ញាស្ថិរភាពជាងមុន បើទោះបីជាការគ្រប់គ្រងគោលនយោបាយនៅតែមានការប្រុងប្រយ័ត្នយ៉ាងណាក្តី។
លោកស្រី Nguyen Thi Kim Thoa អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Dat Xanh Services បានអះអាងថា ទីផ្សារអាចប្រឈមសេណារីយ៉ូចំនួនបី អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល។
សេណារីយ៉ូទី១: កំណើនរឹងមាំ ដោយការផ្គត់ផ្គង់នឹងកើនឡើងចន្លោះពី៤០ភាគរយទៅ៥០ភាគរយ និងតម្លៃលំនៅឋានកើនឡើង ពី១០ភាគរយទៅ១៥ភាគរយ។ អត្រាការប្រាក់នឹងស្ថិតក្នុងរង្វង់ចន្លោះពី៩ភាគរយទៅ១១ភាគរយ ហើយអត្រាស្រូបយក (absorption rates)អាចហក់ឡើងដល់ ៥០ទៅ៦០ភាគរយ។ ការណ៍នេះនឹងតម្រូវឱ្យមានគោលនយោបាយឥណទានកាន់តែងាយស្រួល និងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច។
សេណារីយ៉ូទី២: កំណើនមធ្យម ដោយការផ្គត់ផ្គង់នឹងកើនឡើងចន្លោះពី៣០ភាគរយទៅ៤០ភាគរយ និងតម្លៃលំនៅឋានកើនឡើងចន្លោះពី ២ភាគរយទៅ៥ភាគរយ។ អត្រាការប្រាក់នឹងមានចន្លោះពី ១០ទៅ១២% ខណៈពេលដែលអត្រាស្រូបយកនឹងមានចន្លោះពី ៣០ទៅ៤០%។
សេណារីយ៉ូទី៣: សកម្មភាពទីផ្សារធ្លាក់ចុះ ដោយសារថ្លៃដើមមូលធនខ្ពស់ និងគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង។ ការផ្គត់ផ្គង់នឹងកើនឡើងត្រឹមតែ២០ទៅ៣០% តម្លៃនឹងនៅថេរ ឬធ្លាក់ចុះបន្តិច ហើយអត្រាការប្រាក់អាចកើនឡើងដល់ ១២ទៅ១៤%៕







