ដោយៈ និស្ស័យ
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងក្រុង (តាក់ស៊ី)។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្រ្តី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តពាក់ព័ន្ធអាជីវកម្មដឹកជញ្ជូន តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហើយប្រកាសនេះ គឺដើម្បីគ្រប់គ្រងក្រុមហ៊ុនធ្វើអាជីវកម្ម ផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនផ្ដល់សេវា តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅដល់ក្រុមហ៊ុនដែលបានបង្កើតApp ផ្ទាល់ខ្លួន ដើម្បីផ្គូរផ្គង/ស្វែងរកអ្នកបើកបរយានយន្ត ដែលមានបំណងចង់ចូលរួមជាសមាជិករបស់ក្រុមហ៊ុន ដើម្បីផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ក្រុមហ៊ុនផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ពុំមានមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនទេ ដោយពឹងផ្អែកទាំងស្រុងទៅលើសមាជិករបស់ក្រុមហ៊ុន អតិថិជនដែលមានតម្រូវការក្នុងការធ្វើដំណើរ អាចស្វែងរកមធ្យោបាយធ្វើដំណើរ តាមរយៈការកក់ (Booking) ប្រើប្រាស់ App របស់ក្រុមហ៊ុន៕







