ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់អាទិភាពដល់គោលនយោបាយដើម្បីពន្លឿនការផ្គត់ផ្គង់លំនៅឋាន និងដោះស្រាយភាពប្រែប្រួលនៅក្នុងទីផ្សារអចលនទ្រព្យ ព្រមទាំងដោះស្រាយការទិញលំនៅឋានដើម្បីតែគោលដៅវិនិយោគ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Koo Yun-cheol បានធ្វើការកត់សម្គាល់ដូចនេះក្នុងអំឡុងពេលកិច្ចប្រជុំស្តីពីគោលនយោបាយអចលនទ្រព្យជាមួយក្រសួងពាក់ព័ន្ធ។
លោកកត់សម្គាល់ថា ប្រទេសកូរ៉េខាងត្បូងនឹងពន្លឿនការសាងសង់គម្រោងផ្គត់ផ្គង់លំនៅដ្ឋានដែលមានស្រាប់ ដោយធ្វើឱ្យនីតិវិធីអនុម័តគម្រោងមានភាពសាមញ្ញ។
ជាក់ស្តែង លោក Koo បានអះអាងថា ប្រទេសនេះមានគម្រោងចាប់ផ្តើមសាងសង់គម្រោងមួយនៅតំបន់ Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលនឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន៦.៣០០ខ្នងនៅឆ្នាំ២០២៩។
លោក Koo បានមានប្រសាសន៍ថា “យើងនឹងលុបបំបាត់ឧបសគ្គនៅការដ្ឋានសាងសង់លំនៅឋាន និងបើកការដ្ឋានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបើកដំណើរការមជ្ឈមណ្ឌលគាំទ្រមួយដែលដឹកនាំដោយក្រសួងដែនដី ដើម្បីត្រួតពិនិត្យយ៉ាងដិតដល់នូវកត្តាដែលពន្យារពេលការសាងសង់នៅការដ្ឋានគម្រោង និងផ្តល់ការគាំទ្រយ៉ាងគ្រប់ជ្រុងជ្រោយដើម្បីដោះស្រាយការលំបាក។
នៅក្នុងខែមីនា ឆ្នាំ២០២៦ តម្លៃផ្ទះជាមធ្យមនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើង ០,១៥ ភាគរយធៀបនឹងខែកុម្ភៈ ដោយនៅទីក្រុងសេអ៊ូលបានកើនឡើង ០,៣៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកមួយរបស់ក្រសួងហិរញ្ញវត្ថុ។
ចំនួនផ្ទះសរុបដែលត្រូវបានដាក់លក់នៅក្នុងខែមីនាមានចំនួន ៧១.៩៧៥ ខ្នង កើនឡើង ២៤,៦ ភាគរយបើប្រៀបធៀបទៅនឹងខែកុម្ភៈ៕ប្រភព: Korea Times៕








