សក្តានុពល​ភាគ​ខាង​លិច​រាជ​ធានី​ នឹង​ទៅ​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ សម្តេច​តេ​ជោ​ប្រកាស​សាង​សង់​ទី​ក្រុង​រណប​នៅ​បឹង​តា​មោគ​

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អនាគតត្រចះត្រចង់មួយ នឹងរះកាន់តែភ្លឺចិញ្ចាចនៅភាគខាងលិចរាជធានីភ្នំពេញ បន្ទាប់ពីសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភាប្រកាសសាងសង់ទីក្រុងេណបថ្មីមួយនៅតំបន់នេះ។

តំបន់នេះ ផ្សារភ្ជាប់រវាងខ័ណ្ឌពោធ៍សែនជ័យ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីក្រុងឧត្តុងម៉ែជ័យ ព្រមទាំងស្រុកពញ្ញាឮ ក្នុងខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋសរុបប្រមាណ៦០ម៉ឺននាក់ និងប្រជាពលរដ្ឋឆ្លងកាត់តំបន់នេះ ប្រមាណ១០ម៉ឺននាក់ ចូលមកកាន់រាជធានីភ្នំ ពេញជារៀងរាល់ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់អាគារអគ្គនាយកដ្ឋានពន្ធដា នាថ្ងៃទី២ មិថុនាកន្លងមកនេះ សម្តេចតេជោបានលើកឡើងពីប្រវត្តិនៃការសាងសង់ទីក្រុងCity Phnom Penh Center បឹងកក់ ដែលមានការរិញគន់ជាច្រើន ពីសំណាក់ក្រុមអ្នកបរិស្ថាន និងក្រុមប្រឆាំង ប៉ុន្តែប្រសិនជាមិនអភិវឌ្ឍន៍តំបន់បឹងកក់ សព្វថ្ងៃនេះ ជាកន្លែងស្តុកទឹកស្អុយប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីប្រវត្តិ នៃសាងសង់ទីក្រុងING City ដែលពីមុនមើលពីលើយន្តហោះជាកន្លែងបឹងដាំត្រកួន ប៉ុន្តែបច្ចុប្បន្ននេះជាតំបន់មានការអភិវឌ្ឍយ៉ាងរសរវើក។

សម្តេចបានបន្តដោយលើកជាសំណួរថា បឹងតាមោគជាទំនប់កប់ស្រូវ ដែលឆ្នាំណាក៏ជាឆ្នាំបារម្ភពីការបាក់ទំនប់ ជាកន្លែងទឹកបុក ដោ​យកាលពីឆ្នាំ២០០០ជាកន្លែងទឹកបុក នាំឲ្យប្រជាជនស្លាប់នៅក្នុងទីក្រុង។

សម្តេចបន្តថា “ឥលូវយកអាហ្នឹង(បឹងតាមោគ)ធ្វើជាទីក្រុងមួយទៀតមើល វាទៅជាអី វាមិនងាប់ឯណា”។ សម្តេចបន្តថា “ការអភិវឌ្ឍដំណើរវាទៅអញ្ចឹង តែយើងកុំទៅបំពានកន្លែងស្តុកទឹក ហើយក​ន្លែងនេះមិនមែនជាកន្លែងស្តុកទឹកអី ជាកន្លែងទឹកមកបុក អញ្ចឹងវាមានផលប្រយោជន៍អ្វីត្រូវរក្សាទុក”។

សម្តេចបន្តថា យើងពង្រីកទីក្រុងរបស់យើង ពី៣០០គីឡូម៉ែត្រ ការ៉េ ឲ្យទៅជាង៦០០០ម៉ែត្រការ៉េ។

សម្តេចបន្ថែមថា “ខ្ញុំចុះហត្ថលេខាមិនតិចជាង៥ដងទេ ក្នុងការកាត់ដីខេត្តកណ្តាល ចូលមកកាន់រាជធានីភ្នំពេញ ស្របពេលពីមុនអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ តំបន់ជ្រោយចង្វារ ជាទឹកដីរបស់ខេត្តកណ្តាល។

ការសិក្សាបានរកឃើញថា រាជធានីភ្នំពេញ នឹងមានកំណើនប្រជាពលរដ្ឋកើនដល់ប្រមាណ៣លាននាក់ នៅឆ្នាំ២០៣០ខាងមុខ ជាមួយនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម និងការពង្រីកប្រព័៍ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមានផ្លូវថ្នល់ បណ្តាញទឹកស្អាត អ៊ីនធើណេត និងអគ្គិសនីជាដើម។

អគ្គនាយកគេហទំព័រPropertyarea.asia និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)លោកយិន លាងគង់បានគាំទ្រផែនការរបស់សម្តេចតេជោ ដោយលោកលើកឡើងថា ការពង្រីកទីក្រុង និងការកសាងទីក្រុងរណបជាផ្នែកមួយសំខាន់ នៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈតម្លៃដីកើនឡើង ការប្រមូលពន្ធកើនឡើង និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយស្វ័យប្រវត្តិ។

លោកបន្តថា “ការពង្រីកទីក្រុងរណបថ្មី នៅតំបន់ជាយរាជធានីនឹងជម្រុញលំហូរប្រជាពលរដ្ឋ ទៅរស់នៅតំបន់នោះកាន់តែច្រើន និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានក្នុងទីក្រុង”។ លោកបន្តថា “រាជធានីភ្នំពេញ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ មានការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ ជាមួយកំណើនប្រជាពលរដ្ឋ កំណើននគរូបនីយកម្ម និងការប្រែក្លាយទីក្រុងធ្លាប់ស្ងប់ស្ងាត់ ក្លាយជាទីក្រុងកាន់តែមានភាពមានភាពរសរវើកមួយ”។

រាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៦នេះ មានអាគារកំពស់ចាប់ពី៥ជាន់ដល់៦០ជាន់ ប្រមាណ២០០០អាគារ ដែលចំនួននេះមិនទាន់រាប់បញ្ចូលគំរោងថ្មីៗ ដែលបាននិងកំពុងចាប់ផ្តើមសាងសង់ ដែលមានកំពស់៦៧ជាន់ ៧៧ជាន់់ និងជាង១០០ជាន់នៅឡើយទេ៕

 


ចែករំលែក