ក្រុម​ការងារ​អភិវឌ្ឍវិស័យ​ឯក​ជន​គាំទ្រ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​

ចែករំលែក

ដោយៈ ម៉ាលីន

ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សា លើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងបរិស្ថាន ក្រសួងរ៉ែ និង ថាមពល, ព្រមទាំងតំណាង អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគោលនយោ​បាយ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

អង្គប្រជុំ បានពិនិត្យលើសាវតារ នៃការដាក់ឱ្យអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ស្ថានភាពឧស្សាហកម្មផលិតស៊ីម៉ងត៍ ក្នុងស្រុក និង ការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ចសកល ព្រមទាំងលក្ខខណ្ឌតម្រូវនានា របស់រាជរដ្ឋាភិបាល ទៅលើក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដូចជា ការបង់មូលនិធិបរិស្ថាន ការបង់សួយសាររ៉ែ ការផ្ទេរជំនាញ និងការបណ្តុះបណ្តាលនិយោជិត និងការប្រើប្រាស់ធាតុផ្សំក្នុងស្រុកជាដើម។

ជាមួយនេះ អង្គប្រជុំបានផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ការពិចារណា និង វាយតម្លៃលើការអនុវត្តវិធានការ និង លទ្ធភាពនៃការដាក់ចេញវិធានការ និង/ឬលក្ខខណ្ឌនានា ទៅលើក្រុមហ៊ុនស៊ីម៉ងត៍ក្នុងស្រុក ។

លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំឱ្យលេខាធិ​ការដ្ឋានក្រុមការងារ ធ្វើការសម្របសម្រួល និងសហការជាមួយក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស៊ីជម្រៅ ប្រមូលធាតុចូល និង រៀបចំជារបាយការណ៍ជូនរាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ៕


ចែករំលែក