ដោយៈ ចំណាន
សៀមរាបៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត គណៈកម្មការរដ្ឋបាល និងផែនការប្រើប្រាស់ដីឃុំ ដើម្បីរៀបចំឯកសារទម្រងបែបបទ លើការស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២។
លោកសួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត គណៈកម្មការរដ្ឋបាល និងផែនការប្រើប្រាស់ដីឃុំ ដើម្បីរៀបចំឯកសារទម្រងបែបបទលើការស្នើសុំ កាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២។
ជាមួយគ្នានោះ ប្រធានអង្គប្រជុំបានធ្វើការណែនាំដល់ក្រុមការងារ មានដូចជា ប្រគល់ភារកិច្ចជូនគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ដើម្បីដឹកនាំក្រុមការងាររៀបចំបែបទ និងឯកសារពាក់ព័ន្ធ ដើម្បីពន្លឿនស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តរៀបចំស្នើសុំជារួមទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទន្ទឹមនឹងនេះ បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ស្រុក និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ស្ថិតនៅក្នុងឃុំខ្នារណ្តាយ ឃុំរំចេក និងឃុំត្បែង ស្រុកបន្ទាយស្រី ឡើងវិញ ដោយគណៈកម្មការរដ្ឋបាលពិនិត្យឃើញថា សម្រាប់ការកំណត់ទំហំខ្សែផ្លូវមួយចំនួន មិនទាន់មានលក្ខណៈសមស្របនៅឡើយទេ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ស្រុក នៅក្នុងកិច្ចប្រជុំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកផែនការប្រើប្រាស់ដី ផែនទី៣ប្រភេទ និងផែនទីភូមិសាស្ត្រ ឬផែនទីបច្ចុប្បន្នភាព ដើម្បីមកបន្ស៊ីគ្នា និងបានស្នើឱ្យរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ពន្លឿនការរៀបចំផែនការប្រើប្រាស់ដីឃុំ ដោយយកគំរូដែលក្រុមការងារបានរៀបចំរួចរាល់ (ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់)៕







