ដោយ: សហសេវិក
អន្តរជាតិ: ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ការទិញផ្ទះដោយជនបរទេសនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូងមួយនេះបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវតម្រូវការលិខិតអនុញ្ញាតប្រតិបត្តិការដីធ្លីសម្រាប់ជនបរទេស។
វិធានការនេះបានកាត់បន្ថយការទិញផ្ទះដើម្បីវិនិយោគ (speculative buying)។ យោងតាមទិន្នន័យពីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានបង្ហាញថា ការទិញផ្ទះដោយជនបរទេសនៅទីក្រុងសេអ៊ូល ខេត្ត Gyeonggi និងខេត្ត Incheon បានធ្លាក់ចុះ២៨ភាគរយមកនៅត្រឹម៣.៣០៤យូនីតចន្លោះខែកញ្ញា ឆ្នាំ២០២៥ និងខែមេសា ឆ្នាំ២០២៦។

នៅទីក្រុងសេអ៊ូល ការទិញផ្ទះដោយជនបរទេសបានធ្លាក់ចុះ ៤៤ភាគរយ ខណៈដែលការទិញផ្ទះនៅទីក្រុង Gyeonggi និងទីក្រុង Incheon បានធ្លាក់ចុះ ២៣ភាគរយ និង ៣០ភាគរយរៀងៗគ្នា។
ការធ្លាក់ចុះយ៉ាងគំហុកបំផុតបានកើតឡើងនៅក្នុងសង្កាត់សម្បូរដោយក្រុមអ្នកមាននៅទីក្រុងសេអ៊ូលដូចជា សង្កាត់ Gangnam សង្កាត់ Seocho សង្កាត់ Songpa និងសង្កាត់ Yongsan បានធ្លាក់ចុះ៥៨ភាគរយ។
នៅក្រោមបទប្បញ្ញត្តិនេះ ជនបរទេសត្រូវស្នើសុំការយល់ព្រមពីរដ្ឋាភិបាល មុនពេលទិញផ្ទះនៅក្នុងតំបន់ដែលបានកំណត់ (designated areas) ហើយអាចទិញសម្រាប់គោលបំណងរស់នៅប៉ុណ្ណោះ៕ប្រភព: Korea Times៕







