ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ទីផ្សារលំនៅឋានរបស់ទីក្រុងសៀងហៃបានកើនឡើងសន្ទុះនៅខែឧសភា ស្របពេលដែលសកម្មភាពប្រតិបត្តិការបានកើនឡើងគួរឱ្យកត់សម្គាល់។
ក្រុមអ្នកជំនាញជឿជាក់ថា ការលក់ផ្ទះ និងតម្លៃផ្ទះនៅទីក្រុងសៀងហៃនឹងងើបឡើងវិញលឿនជាងទីក្រុងភាគច្រើននៅក្នុងប្រទេសចិន បន្ទាប់ពីទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះបានដាំក្បាលចុះអស់រយៈពេលជាយូរមកហើយ។
ក្នុងចំណោមទីក្រុងលំដាប់ទី១ទាំង៤ ទីក្រុងសៀងហៃ ជាទីក្រុងតែមួយគត់ ដែលសម្រេចបានកំណើននៃតម្លៃផ្ទះថ្មីក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦។នេះបើយោងតាមលោក Edward Chan អ្នកវិភាគអចលនទ្រព្យនៅទីភ្នាក់ងារ S&P Global Ratings។
លោកបានគូសបញ្ជាក់ថា កំណើននេះអាចជួយគាំទ្រដល់ទំនុកចិត្តរបស់អ្នកមានបំណងទិញផ្ទះក្នុងពេលអនាគតឱ្យសម្រេចចិត្តក្នុងការទិញផ្ទះនៅទីក្រុងសៀងហៃ។
ទោះជាយ៉ាងណា ទីភ្នាក់ងារ S&P បានកត់សម្គាល់ថា តម្លៃផ្ទះថ្មីនៅទីក្រុងលំដាប់ទី១ ទាំង៣ផ្សេងទៀតបានធ្លាក់ចុះ២,៣ភាគរយក្នុងរយៈពេលដូចគ្នា។

លោក Chan បានបន្ថែមថា “តាមទស្សនៈរបស់យើង ទិន្នន័យនេះបង្ហាញថា ស្ថានភាពនៃតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីក្រុងសៀងហៃមានភាពល្អប្រសើរជាងបណ្តាទីក្រុងផ្សេងទៀត “។
លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ចិន E-house បានអះអាងថា «បើធៀបនឹងចំនួនប្រតិបត្តិការរៀងរាល់ខែឧសភា ចាប់តាំងពីឆ្នាំ ២០១៦ សកម្មភាពទិញ-លក់បច្ចុប្បន្ននៅទីក្រុងសៀងហៃនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់»។
លោកបានបន្ថែមថា លំនៅឋានប្រភេទទី២ជាង ២៨.០០០ យូនីតត្រូវបានលក់ចេញជារៀងរាល់ខែគិតចាប់ពីខែមីនាដល់ខែឧសភា ឆ្នាំ២០២៦៕ប្រភព: SCMP៕







