ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆមាសទីពីរ ឆ្នាំ២០២៦ ខណៈសង្គ្រាមនៅអ៊ីរ៉ង់ កំណើននៃតម្លៃប្រេង និងអតិផរណា នឹងជះផលប៉ះពាល់លើតម្រូវការ។
ស្ថានភាពនេះនឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពន្យារពេលគម្រោង និងអនុម័តវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។
ក្រុមអ្នកវិភាគបានលើកឡើងថា កំណើននៃតម្លៃប្រេងឥន្ធនៈ សំណង់ អត្រាការប្រាក់លើកម្ចី និងការធ្លាក់ចុះនៃអំណាចទិញរបស់អ្នកប្រើប្រាស់ នឹងជះឥទ្ធិពលដល់ផ្នែកលំនៅឋាន លក់រាយ និងបដិសណ្ឋារកិច្ចពេញមួយឆ្នាំ២០២៦។ ប៉ុន្តែ តម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្មអាចនឹងមានភាពធន់។
លោក Joey Roi Bondoc នាយកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានអះអាងថា ផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាលើតម្លៃប្រេងឥន្ធនៈ និងខ្សែសង្វាក់ផ្គត់ផ្គង់អាចបន្តដាក់សម្ពាធលើបណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកទិញ។

លោកបានបញ្ជាក់ប្រាប់កាសែត BusinessWorld ថា បណ្តាអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមពន្យារពេលការសាងសង់ និងធ្វើទីផ្សារលើគម្រោងមួយចំនួន (marketing) ស្របពេលមានការរំពឹងទុកថា តម្រូវការនឹងធ្លាក់ចុះ។
លោកបានបន្ថែមថា “តំបន់មជ្ឈិមបូព៌ាគ្របដណ្តប់ចំណែកប្រហែល១៨ភាគរយនៃប្រាក់ផ្ញើសរុបទៅកាន់ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២៥។ ដូច្នេះ ការណ៍នេះពិតជាមានសារៈសំខាន់ណាស់”។
លោក Claro dG. Cordero, Jr. នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Cushman & Wakefield Philippines បានអះអាងថា សង្គ្រាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ានឹងបន្តប៉ះពាល់ដល់ទីផ្សារប្រេង ទោះបីជាភាពតានតឹងថយចុះក៏ដោយ។ ម្យ៉ាង ការផលិតប្រេង និងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងត្រូវការពេលវេលាដើម្បីវិលទៅរកលក្ខណៈធម្មតាវិញ៕ប្រភព: Businessworld៕







