ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិកគ្របដណ្តប់ចំនួន៣៩ភាគរយនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោក និងចំនួន៣៦ភាគរយនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។
ដោយសារទីផ្សារការងារ និងសកម្មភាពមូលធនបណ្តាក់ទុនមានភាពរឹងមាំ បណ្តាទីក្រុងនានាដូចជា សិង្ហបុរី ប៉េកាំង សៀងហៃ និងហុងកុង ត្រូវបានចាត់ថ្នាក់ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលៗរបស់តំបន់។
ទីក្រុងញូវយ៉កបាននាំមុខគេលើពិភពលោក ដោយទទួលបានពិន្ទុចំនួន៤,៦ ក្នុងចំណោមពិន្ទុសរុប ៥ តាមពីក្រោយដោយទីក្រុងឡុងដ៍ មានពិន្ទុ ៣,៩ និងទីក្រុងសិង្ហបុរី មានពិន្ទុ៣,៦។
ក្រុមហ៊ុន Colliers បានលើកឡើងថា ទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់គុណភាពកម្លាំងពលកម្ម និងការផ្តល់មូលនិធិបណ្តាក់ទុន ដែលបានជួយឱ្យទីក្រុងមួយនេះក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ពិភពលោក។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានបញ្ជាក់បន្ថែមថា ទីក្រុងញូវយ៉កនៅតែជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមអ្នកជំនាញហិរញ្ញវត្ថុកំពូលៗក្នុងការរស់នៅ និងធ្វើការ។
ក្រុមហ៊ុន Colliers បានកត់សម្គាល់ថា ខណៈពេលដែលទីក្រុងញូវយ៉កនាំមុខគេនៅទូទាំងពិភពលោក ឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុកំពុងត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈទីក្រុងជាច្រើនក្នុងតំបន់ផ្តល់ឱកាសដ៏រឹងមាំសម្រាប់វិស័យនេះ៕ប្រភព: SCMP៕







