ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្ស EMAAR Properties បានប្រកាសពីផែនការសាងសង់គម្រោងអចលនទ្រព្យក្រោមទុនវិនិយោគចំនួនជិត ៥៥ ពាន់លានដុល្លារអាមេរិកនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ក្រុមហ៊ុននេះមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនឹងនៅតែមានភាពរឹងមាំ និងបន្តទាក់ទាញអ្នកទិញបរទេសទោះជាមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ។
គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដីទំហំ ៤.៥ លានម៉ែត្រការ៉េ ហើយត្រូវបានគេរំពឹងថានឹងមានលំនៅឋានសម្រាប់ប្រជាជនចំនួន ១៥០.០០០ នាក់ជាប្រភេទអាផាតមុិន វីឡា ការិយាល័យ និងតំបន់ផ្សារទំនើប។
គម្រោងនេះនឹងអាចផ្តល់នូវទេសភាពនៃទីតាំងសំខាន់ៗរួមមាន អគារកប់ពពក Burj Khalifa សណ្ឋាគារ Burj Al Arab និងកោះ Palm Jumeirah។ ក្រុមហ៊ុន Emaar មិនទាន់បានបង្ហើបថា ពេលណាគម្រោងនេះនឹងត្រូវបញ្ចប់ ឬប្រភពផ្តល់ហិរញ្ញប្បទាននៅឡើយទេ។
លោក Mohamed Alabbar ស្ថាបនិកក្រុមហ៊ុន Emaar បានអះអាងថា នេះជាគម្រោងប្រកបដោយមហិច្ឆតាបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនគិតរហូតមកដល់ពេលនេះ។
ការប្រកាសនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរទីក្រុងឌូបៃកំពុងព្យាយាមរក្សាទំនុកចិត្តរបស់បណ្តាវិនិយោគិន បន្ទាប់ពីជម្លោះក្នុងតំបន់បានបណ្តាលឱ្យវិនិយោគិនបរទេសមួយចំនួនមានការប្រុងប្រយ័ត្ន។
នៅក្នុងខែឧសភា ក្រុមហ៊ុន Dubai Holding បានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Emaar បន្ទាប់ពីបានបង្កើនភាគហ៊ុនរបស់ខ្លួនដល់ជិត៣០ភាគរយ។ តម្លៃភាគហ៊ុនរបស់ Emaar បានដាំក្បាលចុះជាង៣៦ភាគរយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦៕ប្រភព: The Business Times៕







