ផែន​ការ​ពង្រីក​រាជធានី​ក្នុង​កាំ​រង្វង់​៣០​គីឡូ​ម៉ែត្រ​ក្រឡា​ផ្លាស់​ប្តូរ​ហើយ​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីអាណត្តិទី៦ ដែលមានលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបានប្រកាសផែនការពង្រីកផ្ទៃរាជធានីភ្នំពេ​ញ ក្នុងកាំរងង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។

ប្រសិនជាផែនការនេះធ្វើតាមការគ្រោងទុក ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ នឹងកាន់តែរីកធំ ហើយទឹកដីជាច្រើនស្ថិតក្នុង ខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលមកក្នុងរដ្ឋបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តកណ្តាល កាលពីពេលនោះបានបង្ហាញអារម្មណ៍រីករាយ ដោយសារកត្តាជាច្រើនរូមមាន ទី១ ការពង្រីករាជធានីនឹងផ្សារភ្ជាប់ ការកើនឡើងតម្លៃដីធ្លីជាស្វ័យប្រវត្តិ​ ទី២ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ នឹងទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេ ទី៣ ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន នឹងមានភាពល្អប្រសើរឡើង និងទី៤ ពួកគេក្លាយជាប្រជាពល​រដ្ឋ រស់នៅក្នុងទីក្រុងមួយ ដែលកាន់តែធ្វើឲ្យគុណភាពជីវិត របស់ពួកគេប្រសើរឡើង និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

អ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance មិនសូវមានសុទិដ្ឋិនិយមពីល្បឿន នៃ​ការរីកចម្រើននោះទេ ដោយលោកបានមានប្រសាសន៍ថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើ​នប្រជាជនលឿន ឬយឺតដូចគ្នា។

លោកបន្តថា “បើសិនជាកំណើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជន នៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ”។ លោកបន្ថែមថា“បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះ តែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

ទោះជាយ៉ាងណាឍ គិតមកដល់ចុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចបានប្រកាសកសាងទីក្រុងថ្មីចំនួន៣ ទី១ ទីក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល ទីក្រុងសំពៅពូន ក្នុងស្រុកកោះធំ ខេត្តកណ្តាល ទីក្រុងឧត្តុងម៉ែជ័យ ស្ថិតក្នុងខេត្តកណ្តាល។

សម្តេចបញ្ជាក់នាពេលនោះថា “ទីក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញទេ ដោយទុកឲ្យរដ្ឋបាលខេត្តកណ្តាល ជាអ្នកគ្រប់​ គ្រង និងជម្រុញការប្រមូលពន្ធ”។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យLand Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដី ខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។

លោកបន្តថា “នៅពេលរដ្ឋាភិបាល ពង្រីកទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញ ស្ទុះងើបមួយកម្រិតទៀតផងដែរ”។

ទោះជាយ៉ាងណាអ្នកជំនាញដទៃទៀត បានមើលឃើញផងដែរថា ការពង្រីករាជធានីជារឿងល្អប្រសើរមួយ ប៉ុន្តែរដ្ឋាភិបាលនឹងរងសម្ពាធខ្លាំងផងដែរ ដែលត្រូវវិភាជន៍ថវិកាជាតិ សាងសង់ ហេដ្ឋារចនាសម្ព័ន្ឋនានាទាំងទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវថ្នល់ ពិសេសបើសិនជាមិនបានរៀបចំផែនទី ប្រើប្រាស់ដីបានលំអិតទេ ការអភិវឌ្ឍន៍រាជធានី នឹងមិនទទួលបានសោភ័ណភាព និងររបៀបរៀបរយ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ ទីក្រុងប្រកបដោយភាពស៊ីវិល័យនោះទេ។

អគ្គនាយកគេហទំព័រPropertyarea.asiaជាសារព័ត៌មានឈានមុខគេលើវិស័យអចលនទ្រព្យ លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃនគរូបនីយកម្មជាប្រចាំ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៦ មិថុនាថា ផែនការប្រកបដោមហិច្ឆតា របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ពិតជាស័ក្តិសមសម្រាប់ស្ថានភាព និងបរិបទសេដ្ឋកិច្ចដ៏រីកចម្រើននាសម័យកាលនោះ ប៉ុន្តែប្រសិនជាត្រូវពង្រីករាជធានីនេះដល់កាំរង្វង់៣០គីឡូម៉ែត្រក្រឡា នឹងមិនមានទីក្រុងអរិយក្សត្រ និងទីក្រុងតាខ្មៅនោះឡើយ រួមទាំងបូកបញ្ចូលទីក្រុងឧត្តុងម៉ែជ័យផងដែរ។

លោកបញ្ជាក់ថា “ហេតុនេះ ផែនការពង្រីករាជធានីតាមផែនការខាងលើ ខ្ញុំគិតថានឹងមិនអាចកើតមាននោះទេ ដរាបណាស្ថានភាព​សេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងកំណើនយឺតបែបនេះ”។ លោកបន្តថា “ការពង្រីកទីក្រុង ជារឿងមួយល្អ ព្រោះវានឹងជម្រុញកំណើនសេដ្ឋកិច្ច ការធ្វើពិពិធកម្មការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ប៉ុន្តែការពង្រីកលឿន តែគ្មានផែនការច្បាស់​លាស់នឹងមិនជួយជម្រុញកិត្យានុភាព និងមុតមាត់ទីក្រុងទេ”។

លោកយិន លាងគង់បានបន្តថា ទោះជាយ៉ាងណា ផែនការឆ្នាំ​២០៣៥របស់រដ្ឋាភិបាល អាណត្តិទី៦ ក៏អាចបន្តក្នុងអាណត្តិសម្តេច  ធិបតីបានផងដែរ ប្រសិនជាការសិក្សារកឃើញថា ទីក្រុងតាខ្មៅគួរផ្លាស់ប្តូរ និងអ្វីៗកើតបានសមស្របនឹងបរិបទសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្ត៕


ចែករំលែក